រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) និងសមភាគីសហរដ្ឋអាមេរិកដែលកំពុងបំពេញទស្សនកិច្ច លោក ឡយដ៍ អូស្ទីន (Lloyd Austin) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា ខណៈដែលប្រទេសទាំងពីរកំពុងពង្រឹងទំនាក់ទំនងសន្តិសុខរបស់ពួកគេ។
កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធាទូទៅ (GSOMIA) អនុញ្ញាតឱ្យប្រទេសទាំងពីរចែករំលែកព័ត៌មានយោធាដោយសុវត្ថិភាព។ យោងតាមក្រសួងការពារជាតិហ្វីលីពីន បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ការចែករំលែកព័ត៌មាន និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសហ្វីលីពីន លោក អូស្ទីន គ្រោងនឹងជួបជាមួយប្រធានាធិបតី លោក ហ្វឺឌីណាន់ ម៉ារកូស ជេអ (Ferdinand Marcos Jr)៕
ប្រភព៖ ក្រសួងព័ត៌មាន