កិច្ចសន្ទនារវាង លោកប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi
លោកប្រធានាធិបតីបារាំង Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ។
កិច្ចសន្ទនានេះបានធ្វើឡើងតាមរយៈទូរស័ព្ទដោយ លោក Macron និង លោក Modi បានបញ្ជាក់ជាថ្មីពីឆន្ទៈធ្វើការរួមគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកស្របពេលដែលបារាំងកំពុងបន្តសម្តែងកំហឹងប្រឆាំងនឹងសម្ព័ន្ធមិត្តថ្មីរវាងអាមេរិក អូស្រា្តលី និងអង់គ្លេសសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លើសពីនេះទៀត បើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ បានឲ្យដឹងថា លោក Macron បានប្រាប់លោក Modi ពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការពង្រឹងស្វ័យភាពយុទ្ធសាស្ត្ររបស់ឥណ្ឌា ដែលមានរួមមានទាំងមូលដ្ឋានឧស្សាហកម្ម និងមូលដ្ឋានបច្ចេកវិទ្យា។
បន្ថែមពីនេះ មេដឹកនាំនៃប្រទេសទាំងពីរក៏បានសម្តែងពីការព្រួយបារម្ភ ចំពោះស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថានដែលអំណាចកំពុងស្ថិតក្នុងដៃពួកតាលីបង់ផងដែរ។
គួរបញ្ជាក់ថា បារាំងបានខិតចូលជិតឥណ្ឌាកាន់តែខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រទេសបារាំងបានលក់យន្តហោះចម្បាំង Rafale ទៅឲ្យប្រទេសឥណ្ឌា ការធ្វើប្រតិបត្តិការយោធារួមគ្នានិងឥណ្ឌាបានបញ្ជូនទាហានជើងទឹករបស់ខ្លួន ទៅមូលដ្ឋានទ័ពរបស់បារាំងនៅជីប៊ូទី នៅអេមីរ៉ាតអារ៉ាប់រួម និងនៅរ៉េអុយញ៉ុង។