ការប្រើរយៈពេលយូរទម្រាំឈានដល់ការចុះហត្ថលេខារួមគ្នានៅពេលខាងមុខនេះ ត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់ថា ភាគីទាំងពីរត្រូវការពិនិត្យផ្ទៀងផ្ទាត់ដោយយកចិត្តទុក និងម្យ៉ាងទៀតដោយសារតែជំងឺកូវីដ១៩ ដែលជាឧបសគ្គ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ កម្ពុជានិងកូរ៉េ នឹងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) មិនឲ្យហួសពីខែតុលាខាងមុខនេះឡើយ។
គួរបញ្ជាក់ផងដែរថា កម្ពុជាចាប់ផ្តើមបើកការចរចាកិច្ចព្រមព្រៀងពាណិជុ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងជាផ្លូវការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ការចរចានេះ ធ្វើឡើងក្រោយពីភាគីទាំងពីរបានសិក្សាពីលទ្ធភាពដែលអាចសហការរួមគ្នា អស់រយៈពេលជាច្រើនខែ ពោល គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចបន្ថែមទៀត និងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីរវាងសេដ្ឋកិច្ចទាំងពីរក្នុងលក្ខណៈផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយបង្កើតផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមបន្ថែមទៀតសម្រាប់ប្រជាជននិងអាជីវកម្មនៃប្រទេសទាំងពីរ។