ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ការបង្ករឿងដោយប្រដាប់អាវុធរបស់អ៊ុយក្រែននៅតាមព្រំដែនរុស្ស៊ី មានគោលបំណងពង្រឹងគោលជំហររបស់ទីក្រុងគៀវក្នុងកិច្ចចរចានាពេលអនាគត ប៉ុន្តែកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលដែលវាយប្រហារទៅលើជនស៊ីវិលនឹងគ្មានន័យអ្វីទាំងអស់។
លោកបានថ្លែងដូច្នេះនៅក្នុងពិធីបើកកិច្ចប្រជុំ ស្តីពីស្ថានភាពនៅព្រំដែនរុស្ស៊ី។
លោក ពូទីន បាននិយាយថា «ឥឡូវនេះវាច្បាស់ណាស់ថា ហេតុអ្វីបានជារបបទីក្រុងគៀវបដិសេធសំណើរបស់យើងក្នុងការត្រលប់ទៅរកផែនការសម្រាប់ដំណោះស្រាយដោយសន្តិវិធី។ សត្រូវដែលមានជំនួយពីចៅហ្វាយនាយលោកខាងលិចដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងយើងដោយប្រើប្រាស់អ៊ុយក្រែននោះ កំពុងស្វែងរកការកែលម្អគោលជំហរកិច្ចចរចារបស់ខ្លួននាពេលអនាគត»។
លោកប្រធានាធិបតីបាននិយាយបន្តថា «ប៉ុន្តែ តើកិច្ចចរចាបែបណាដែលយើងអាចពិភាក្សាជាមួយមនុស្សដែលធ្វើការវាយប្រហារដោយមិនរើសអើងទៅលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬព្យាយាមបង្កើតការគំរាមកំហែងដល់រោងចក្រថាមពលនុយក្លេអ៊ែរនោះ។ តើយើងអាចពិភាក្សាអ្វីជាមួយពួកគេបាន?»៕
ប្រភព៖ ក្រសួងព័ត៌មាន