ជាប្រាសាទដែលមានចំណាស់ជាងមួយពាន់ឆ្នាំខណៈនេះប្រាសាទត្រពាំងផុង ដែលជាប្រាសាទទោល កសាងឡើងអំពីឥដ្ឋ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។
លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុលតាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។
លោកបន្តថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។
ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។
បច្ចុប្បន្នដោយសារប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើតបានបាត់ ទើបក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ (៨៥៤-៨៧៧) ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ដ៏ខ្លាំងពូកែដែលបានបង្រួមជាតិនៅលើទឹកដីចេនឡាឱ្យមានឯកភាពឡើងវិញ។ ដោយសារប្រទេសខ្មែរ មានសន្តិភាព ដ៏បរិបូរណ៍ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានប្រារព្ធពិធីរាជាអភិសេកលើភ្នំគូលែននៅឆ្នាំ៨០២ មក វិស័យសិល្បៈស្ថាបត្យកម្ម មានការរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត នៅក្នុងតំបន់រលួសដែលជាវាលទំនាបស្ថិតនៅទិសអាគ្នេយ៍នៃខេត្តសៀមរាប។
ប្រាសាទត្រពាំងផុង មានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ៤៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង៕
ប្រភព៖ ក្រសួងព័ត៌មាន