កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិងជាប្រធាន លេខាធិការដ្ឋាននៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជានិងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀម ប្រារព្ធពិធីបើកការដ្ឋាននៅពេលឆាប់ៗខាងមុខ។
គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ខែសីហាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ គម្រោងព្រែកជីកហ្វូណនតេជោដែលជាប្រវត្តិសាស្រ្តកម្ពុជានឹងចាប់ពីចំណុចនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះដែលភ្ជាប់ពីទន្លេទៅកាន់សមុទ្រ នឹងឆ្លងកាត់ខេត្តចំនួនបួន ក្នុងនេះមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
ព្រែកជីកហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម -សេដ្ឋកិច្ចកម្ពុជាដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនពហុមធ្យោបាយ, ចំណេញចម្ងាយផ្លូវ ,ចំណេញពេលវេលានិងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ។បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់។ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្មព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ។ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។
សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ៕
ប្រភព៖ ក្រសួងព័ត៌មាន