ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) និងសហការី ចូលជួបពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំ លើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន និងការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន ក្នុងខេត្តពោធិ៍សាត់។
នៅក្នុងជំនួបនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ លោក Yoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។
សូមជម្រាបជូនថា ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។
សូមបញ្ជាក់ជូនថា នាពេលដ៏ខ្លីខាងមុខក្រុមហ៊ុនយក្សនៃប្រទេសជប៉ុននេះ ដែលមានឈ្មោះថា មីនីបៀរ ម៊ីត្សូមី (Minebea Mitsumi) នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើនកន្លែងបន្ថែមទៀតដល់យុវជន យុវនារីកម្ពុជា ។រោងចក្រទី២ នេះវិនិយោគលើវិស័យឋាមពលអគ្គិសនី។
លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់ក្រសួងរ៉ែនិងថាមពល នៅរាត្រីថ្ងៃទី១៩ ខែមិថុនា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ក្នុងឃ្លីបវិដេអូរយៈពេល៧:២៧នាទីថាក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ដែលជាក្រុមហ៊ុនយក្សជប៉ុននឹងមកដាក់ក្រុមហ៊ុននៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឯកឧត្តមបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះ សមិទ្ធផលថ្មីរបស់ក្រុមហ៊ុនយក្សនេះ គ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើនកន្លែងបន្ថែមទៀតដល់យុវជន យុវនារីយើងនៅទីនេះ។ ឯកឧត្តមបន្តថា មូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត ដែលក្រុមហ៊ុន Minebea សម្រេចចិត្តវិនិយោគរោងចក្រទី២ នៅកម្ពុជា គឺដោយសារគេបានមើលឃើញពីសក្តានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនី ដែលបច្ចុប្បន្ន កម្ពុជាយើងកំពុងតែផលិតថាមពលចេញពីប្រភពថាមពលកកើតឡើងវិញ យ៉ាងច្រើនលើសលប់ ធ្វើឱ្យប្រទេសយើងបានក្លាយជាប្រទេសមួយដែលមានការទាក់ទាញលើវិស័យថាមពល។
សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ។ ក្រុមហ៊ុននេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១១។ គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមាន អង្គភាពអាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក កើនឡើងពីការវិនិយោគដំបូងត្រឹមតែ ២៣ លានដុល្លារក្នុងឆ្នាំ២០១១។
ក្រុមហ៊ុន Minebea Cambodia ក៏ពង្រីកការវិនិយោគបន្ថែមក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន