នាព្រឹកថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោក TANINAI Ichitomo អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើអងេ្កតលើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ។
កិច្ចប្រជុំមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាតំណាងជាន់ខ្ពស់ក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ។
កិច្ចប្រជុំមានគោលបំណង ១) ជម្រាបជូនពីគោលនយោបាយថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (New Country Development Cooperation Policy) របស់ជប៉ុនសម្រាប់កម្ពុជា និង ២) ណែនាំអំពីនីតិវិធីនៃការស្នើសុំគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដល់ក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ប្រភព៖ ក្រសួងព័ត៌មាន