នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តនៃការ ជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
នឹងផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និងដំណោះស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន