ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលសំខាន់ៗ របស់ខ្លួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤។ សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជាវេទិកាមួយដើម្បីលើកទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖“វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។”
នៅឆ្នាំ២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើនចំនួន១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១.០៤០.៣៣៣ កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤% ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ (៣,៣៥%) បើធៀបនឹងឆ្នាំ២០២២។
ឯកឧត្តម ហែម វណ្ណឌី បានបន្តទៀតថា៖ “សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥% ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧% ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុ វិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។”
ក្នុងការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥.៣២៨ និងបន្តអាជ្ញាបណ្ណសហគ្រាសធុនតូច និងមធ្យមចំនួន ៥.១៥៨ នៅឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងជំរុញបរិយាកាសអំណោយផលសម្រាប់កំណើនអាជីវកម្ម។
ក្នុងវិស័យទឹកស្អាត ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិតទឹកស្អាតសម្រាប់ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១.៣០៧.៨១០ តំណ កើនឡើង ៨,៥% បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (ឬ ១១%) ដល់៣០.៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន ៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។
នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០,៧០ លានដុល្លា និងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣ គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លា។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន ៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជាសរុបកើនដល់ ១.២១៦ ។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។
លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦ សេវា ដែលគ្របដណ្តប់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩.២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួងក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យជាដើម។
វឌ្ឍនភាពសំខាន់ៗក៏ត្រូវបានសម្រេចក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែរ។ ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធអនឡាញ។
ជាមួយនឹងការបង្កើតវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២០ ក្រសួងបានជំរុញការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រួលដល់បរិវត្តកម្មឆ្ពោះទៅរកការធ្វើពិពិតកម្មសេដ្ឋកិច្ច ដែលទទួលបានសមិទ្ធផលផ្សេងៗ រួមទាំងការបង្កើតផែនទីបង្ហាញផ្លូវ របៀបវារៈស្រាវជ្រាវជាតិ និងគោលការណ៍ណែនាំនានា រួមជាមួយនឹងការគ្រប់គ្រង និងការវាយតម្លៃលើគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនក្នុងវិស័យនេះ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “បន្ថែមលើអទិភាពបច្ចុប្ប្នន្នក្នុងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២៤ ក្រសួងនឹងខិតខំរៀបចំឱ្យបានជោគជ័យនូវព្រឹត្តិការណ៍ជាតិសំខាន់ៗ ដូចទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» (SMEs go STI), កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥, និងកិច្ចប្រជុំពាក់ព័ន្ធ ឱ្យទទួលបានជោគជ័យ ដើម្បីមោទនភាពជាតិ និងរួមចំណែកសម្រេចនូវអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។”
ប្រភព៖ ក្រសួងព័ត៌មាន