តុលាការកំពូលរបស់អង្គការសហប្រជាជាតិគ្រោងនឹងកាត់ក្តីលើពាក្យបន្តឹងដែលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ី ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមឧទ្ទាមបំបែកខ្លួននៅភាគខាងកើតរបស់ប្រទេសកាលពីមួយទសវត្សរ៍មុន និងការរើសអើងប្រឆាំងនឹងសហគមន៍ពហុជាតិសាសន៍នៅតំបន់គ្រីមៀ ចាប់តាំងពីបានបញ្ចូលវាទៅជារបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ករណីនេះត្រូវបានដាក់ក្នុងឆ្នាំ ២០១៧ ដោយបានចោទរុស្ស៊ីថា បានបំពានលើអនុសញ្ញាប្រឆាំងការរើសអើង និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អ៊ុយក្រែនចង់ឱ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យទីក្រុងម៉ូស្គូបង់ប្រាក់សំណងសម្រាប់ការវាយប្រហារ និងឧក្រិដ្ឋកម្មនៅភាគខាងកើតនៃប្រទេស រួមទាំងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីអ៊ែរឡាញ MH17 ផងដែរ។ MH17 ត្រូវបានគេអះអាងថា ត្រូវបានបាញ់ទម្លាក់ដោយពួកឧទ្ទាមគាំទ្រ ដោយរុស្ស៊ី កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ២៩៨ នាក់។
នៅក្នុងសវនាការកាលពីឆ្នាំមុនលោក David Zionets មេធាវីរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន “បានវាយប្រហារជនស៊ីវិល ជាផ្នែកនៃយុទ្ធនាការបំភិតបំភ័យ និងភេរវកម្ម”៕
ប្រភព៖ ក្រសួងព័ត៌មាន