នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី បាននិយាយថា លោកមានកិច្ចសន្ទនាមួយដ៏ល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគត ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ និងពិសេសរវាងឥណ្ឌា-រុស្ស៊ី។

លោកក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាផ្សេងៗក្នុងតំបន់ និងសកលលោក ដែលរួមទាំងភាពជាប្រធាននៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) របស់រុស្ស៊ីផងដែរ។

លោកនាយករដ្ឋមន្រ្តី ម៉ូឌី បាននិយាយនៅលើបណ្តាញសង្គមអ៊ិច ថា «មានកិច្ចសន្ទនាដ៏ល្អជាមួយលោកប្រធានាធិបតី ពូទីន។ យើងបានពិភាក្សាគ្នាអំពីការអភិវឌ្ឍជាវិជ្ជមានផ្សេងៗនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រពិសេសរបស់យើង ហើយបានព្រមព្រៀងគ្នាក្នុងការគូសផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគត។ យើងក៏មានការផ្លាស់ប្តូរទស្សនៈគ្នាដ៏មានប្រយោជន៍ទៅលើបញ្ហាផ្សេងៗក្នុងតំបន់ និងពិភពលោក ដែលរួមមានទាំងភាពជាប្រធាននៃក្រុមប្រទេសប្រ៊ីកស៍របស់រុស្ស៊ីផងដែរ»។

នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយដែលបានធ្វើឡើងនៅថ្ងៃនេះ មេដឹកនាំទាំងពីរបានពិនិត្យមើលទៅលើវឌ្ឍនភាពនៃបញ្ហាមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការតាមដានការផ្លាស់ប្តូរកម្រិតខ្ពស់កាលពីពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។

លោក ម៉ូឌី បាននិយាយបន្ថែមថា «ពួកគេបានវាយតម្លៃជាវិជ្ជមានទៅលើការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងបានព្រមព្រៀងគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រពិសេសរវាងឥណ្ឌា និងរុស្ស៊ីបន្ថែមទៀត»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.