ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនៃប្រទេសកាតា អេហ្ស៊ីប និងអ៊ីស្រាអែល ដោយមានគោលបំណងធានានូវសេរីភាពចំណាប់ខ្មាំងដែលត្រូវបានចាប់ដោយក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយសេវាសារព័ត៌មានរបស់សេតវិមាន។

យោងតាមលោក បៃដិន បានឱ្យដឹងថា ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងជាង ១០០នាក់ ដែលរួមទាំងពលរដ្ឋអាម៉េរិកចំនួន ០៦នាក់ផងដែរ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេល ១០០ថ្ងៃហើយ។ មេដឹកនាំសហរដ្ឋអាមេរិករូបនោះ បានធានាថា លោក និងជំនួយការរបស់លោក «បានធ្វើការមិនឈប់ឈរឡើយ ដើម្បីព្យាយាមធានាដល់សេរីភាពរបស់ពួកគេ។ លោករដ្ឋមន្រ្តី ប្ល៊ីនខេន បានត្រលប់ទៅកាន់ក្នុងតំបន់វិញកាលពីសប្តាហ៍មុន ដើម្បីស្វែងរកផ្លូវឆ្ពោះទៅមុខសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅតែត្រូវបានឃុំខ្លួន។ ខ្ញុំទន្ទឹងរង់ចាំរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីរបស់ខ្ញុំនៅក្នុងប្រទេសកាតា អេហ្ស៊ីប និងអ៊ីស្រាអែល ដើម្បីបញ្ជូនចំណាប់ខ្មាំងទាំងអស់ត្រឡប់មកផ្ទះវិញជួបជុំជាមួយគ្រួសាររបស់ពួកគេ»។ លោកបានធានាថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន «មិនបានបោះបង់» កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់កិច្ចការមួយនេះទេ។

ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានចាប់ផ្តើមការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងចាស់របស់ក្រុងយេរូសាឡឹម។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសអំពីស្ថានភាពនៃការត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាម ដោយបានប្រកាសពីការបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្រ្ទីប ដែលមានជនជាតិប៉ាឡេស្ទីនចំនួន ២,៣លាននាក់រស់នៅ ហើយបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ជុំវិញ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កំពុងកើតមានដែរនៅតំបន់វេសប៊ែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.