អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក លុយ ប៉េងយូ បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាម៉េរិកទៅកាន់កោះតៃវ៉ាន់ និងការទំនាក់ទំនងផ្លូវការណាមួយរវាងអាជ្ញាធរសហរដ្ឋអាមេរិក និងកោះមួយនេះ។

អ្នកការទូតរូបនោះបាននិយាយថា «កោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។ ប្រទេសចិនប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលមានទម្រង់នៃការទំនាក់ទំនងជាផ្លូវការជាមួយតំបន់តៃវ៉ាន់» ដោយអ្នកការទូតនោះជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនគោរពតាមគោលការណ៍ «ចិនតែមួយ»។

លោក លុយ បាននិយាយបន្ថែមថា «សហរដ្ឋអាមេរិកត្រូវតែគោរពតាមគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំងបីរវាង ចិន-សហរដ្ឋអាមេរិក ព្រមទាំងដោះស្រាយដោយប្រយ័ត្នប្រយែង និងឱ្យបានត្រឹមត្រូវចំពោះបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ បញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតំបន់តៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់ «ឯករាជ្យភាពតៃវ៉ាន់» កម្លាំងបំបែកខ្លួន និងបដិសេធមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់ក្នុងទម្រង់ណាមួយឡើយ»។

ប្រធានសភាអាម៉េរិក លោក ម៉ៃយ៍ ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលមុននេះថា គណៈប្រតិភូនៃសភាតំណាងរាស្រ្តអាម៉េរិកអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅក្នុងខែឧសភាខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.