អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានរំលឹកឡើងវិញនូវកិច្ចសហការរបស់ខ្លួនជាមួយប្រទេសគុយបាលើការផលិតស្បៀងអាហារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

សារមួយរបស់អង្គការ FAO បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគុយបាកំពុងអនុវត្តយុទ្ធសាស្ត្រទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងកាកសំណល់ជាមួយនឹងជំនួយបច្ចេកទេសរបស់អង្គការ FAO ។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយបន្ថែមថា ជាផ្នែកមួយនៃការអនុវត្តច្បាប់ស្តីពីអធិបតេយ្យភាពស្បៀងអាហារ និងសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិ ស្តីពីបញ្ហាដែលបានលើកឡើងខាងលើត្រូវបានប្រារព្ធធ្វើឡើង។

សមាជិកនៃគណៈកម្មការអធិបតេយ្យភាពស្បៀងអាហារខេត្ត និងអ្នកពាក់ព័ន្ធក្នុងការផលិត ការផ្លាស់ប្តូរ និងទីផ្សារនៅទូទាំងប្រទេស បានចូលរួមក្នុងកិច្ចពិភាក្សានោះ។

ពួកគេបានបញ្ជាក់ថា កិច្ចប្រជុំនោះមានគោលបំណងធ្វើបច្ចុប្បន្នភាពទៅលើសកម្មភាពសំខាន់ៗកាលពីឆ្នាំមុន ក្នុងការលើកកម្ពស់ការយល់ដឹង ការទំនាក់ទំនង រៀបចំគោលនយោបាយបង្ការ និងកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងកាកសំណល់ ព្រមទាំងណែនាំដល់គណៈកម្មការខេត្ត និងក្រុងអំពីបញ្ហានេះ។

បន្ទាប់ពីការអនុម័តកាលពីពេលថ្មីៗនេះដោយគណៈកម្មាធិការជាតិ គោលការណ៍ណែនាំទាំងនេះនឹងចូលជាធរមាននៅក្នុងឆ្នាំនេះ រួមជាមួយនឹងការណែនាំបច្ចេកទេសជាមូលដ្ឋាន ដើម្បីបណ្តុះបណ្តាលអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធស្បៀងអាហារ។

កិច្ចប្រជុំនោះបានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រឹងការបណ្តុះបណ្តាល ការទំនាក់ទំនង ការតាមដាន និងការត្រួតពិនិត្យនៅក្នុងប្រទេសនៅគ្រប់កម្រិត ដោយប្រើប្រាស់ឧបករណ៍ និងវិធីសាស្រ្តដែលបង្កើតឡើងដោយអង្គការ FAO ជាឯកសារយោង៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.