គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំចងក្រងនិងផ្សព្វផ្សាយ ជាសាធារណៈនូវសៀវភៅមគ្គទេសក៍ណែនាំបែប សាមញ្ញជាជំហានៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ។ បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ផ្តល់លទ្ធភាពដល់ សហគ្រាសកែច្នៃជលផលក្នុងការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរ នៅគ្រប់លក្ខខណ្ឌ អាកាសធាតុ និងបរិស្ថានស្អាតល្អ កាត់បន្ថយការបាត់បង់ក្រោយប្រមូលផល និងលើកកម្ពស់គុណភាព ផលិតផល។

ឈរលើទិដ្ឋភាពនេះ គម្រោងបាននិងកំពុងជំរុញយ៉ាងសកម្មឱ្យសហគ្រាសកែច្នៃជលផល នៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅ បង្វែរពីការហាលសម្ងួតបែបនៅទីវាលក្រោមពន្លឺព្រះអាទិត្យ មកប្រើប្រាស់បច្ចេកវិទ្យា សម្ងួតថ្មីនេះវិញ។ គម្រោងនេះ គាំទ្រថវិកាដោយ សហភាពអឺរ៉ុប(EU)។

បច្ចេកវិទ្យាទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ជួយសម្រួលដល់សហគ្រាសកែច្នៃជលផល ដើម្បីដោះស្រាយ នូវបញ្ហាប្រឈមជាច្រើនដូចជាការហាលស្ងួតពេក ឬស្រពាប់ពេក ហានិភ័យនៃការចម្លងរោគ លក្ខខណ្ឌ អាកាសធាតុ មិនអំណោយផល និងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផល ខ្នាតតូច និងមធ្យម (VCIS) គម្រោងផ្តល់ការគាំទ្រដល់ សហគ្រាសកែច្នៃជលផល ចំនួន ១០ ក្នុងខេត្តក្រុងចំនួន ៦ ជាមួយនឹងទូសម្ងួតពន្លឺព្រះអាទិត្យ ដើម្បី ប្រើប្រាស់ ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល តាមរយៈការបង្កើនផលិតភាព កែលម្អការអនុវត្តអនាម័យល្អ ជួយឱ្យផលិតផលត្រីងៀត និងបង្គាក្រៀមមានគុណភាព និងសុវត្ថិភាពល្អ។

ក្នុងគោលដៅចែករំលែក និងផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាម ពលព្រះអាទិត្យ គម្រោងបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំផលិតសៀវភៅ មគ្គទេសក៍ណែនាំ បែបសាមញ្ញជាជំហានៗ ក្នុងការហាលសម្ងួតត្រី និងបង្គាដោយប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យ។ សៀវភៅមគ្គទេសន៍នេះត្រូវបានផ្តល់ជូន និងចែករំលែកជាមួយសហគ្រាសកែច្នៃជលផល និងតួអង្គ ក្នុងខ្សែចង្វាក់តម្លៃជលផលក្រោយប្រមូលផល ដើម្បីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយ ប្រសិទ្ធភាព និងទទួលបានផលិតផលដែលមាន គុណភាព និងប្រកបដោយអនាម័យខ្ពស់។

លោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតត្រីងៀត ហេង ហ៊ត (សុខ ឃីម) នៅខេត្តសៀមរាបបាន បញ្ជាក់ថា «សៀវភៅមគ្គទេសក៍នេះងាយយល់ និងងាយអនុវត្តតាម។ ខ្ញុំអាចប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួត ដោយថាមពលព្រះអាទិត្យបានយ៉ាងងាយស្រួល និងមាន ប្រសិទ្ធភាពក្នុងការបង្កើនគុណភាពផលិតផលត្រីងៀត ដែលជាលទ្ធផល វាបង្កើនទំនុកចិត្តរបស់អតិថិជន និងការលក់ផងដែរ ។»

បន្ថែមលើសនេះទៀត តាមរយៈកិច្ចសហការ និងភាពជាដៃគូជាមួយគម្រោង SWITCH to Solar គម្រោង CAPFISH-Capture រួមជាមួយតួអង្គសំខាន់ៗ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFFs) ខណ្ឌរដ្ឋបាលជលផលនៅតាមបណ្តាខេត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ (MFIs) ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល បាន និងកំពុងខិតខំ ជំរុញគំនិតផ្តួចផ្តើមនេះ ធ្វើយ៉ាងណាឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផល និង ផលិតផលកសិកម្មផ្សេងៗទៀតនៅកម្ពុជាទទួលយក និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានកាន់តែទូលំ ទូលាយ ក្រោមរូបភាពនៃការបណ្តាក់ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.