ដីស្រែរដូវប្រាំងរបស់កសិករ នៅក្នុងស្រុកចំនួន៣របស់ខេត្តបាត់ដំបង ដែលសុទ្ធតែជាស្រុកសម្បុកស្រូវ កំពុងប្រឈមទៅនឹងការខ្វះទឹកសម្រាប់ស្រោចស្រពនាចុងរដូវ ដែលហៀបប្រមូលផលក្នុងនោះ ស្រុកថ្មគោល អាចជួបការខ្វះទឹកចំនួន ៥ ០០០ហិកតា សម្រាប់ខែកុម្ភៈ និងខែមិនា ស្រុកមោងឫស្សី ជួបការខ្វះទឹកចំនួន ៩ ០០ហិកតា ដែលស្រែមួយចំនួនកំពុងតែខ្វះទឹកបណ្ដើរៗ និង ស្រុកឯកភ្នំ អាចជួបការខ្វះទឹកចំនួន ១ ៨០០ហិកតា សម្រាប់ពេលខាងមុខក្នុងខែកុម្ភៈ និងខែមិនា ឆ្នាំ២០២៤ ។ ដីស្រែរដូវប្រាំងក្នុងស្រុកទាំង៣ សរុបចំនួន ១៥ ៨០០០ហិកតា ដែលប្រឈមទៅនឹងកង្វះទឹកស្រោចស្រពបន្ត ព្រោះប្រភពទឹកតាមប្រឡាយ, ត្រពាំង, ស្រះខ្លះរីងស្ងួតអស់ទៅហើយ ប្រការនេះធ្វើឱ្យកសិករព្រួយបារម្ភខ្លាំង ។

មន្ត្រី នៃមន្ទីរកសិកម្មខេត្តធ្លាប់ប្រាប់ឱ្យដឹងថា ដោយសារលក្ខណៈអំណោយផលចុងរដូវវស្សាឆ្នាំ២០២៣ កសិករនៅខេត្តបាត់ដំបង បាននាំគ្នាដកស្ទូងលើសគម្រោង ដែលខេត្តដាក់ចុះហើយមន្ទីក៏ព្រួយបារម្ភចំពោះប្រភពស្រោចស្រពតាំងពីដំបូង ។ គិតមកត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៤ នេះ ក្នុងស្រុកមោងឫស្សី នៅតំបន់ស្រែប្រាំង ភូមិចកធំ ស្រែអូរ ក្នុងឃុំកកោះ កំពុងមានការខ្វះទឹកក្នុងចំណោមនោះ មានស្រែប្រមាណ ១០០ហិកតា ស្រូវទើបមានអាយុ ២៥ថ្ងៃ និងជាង ១០០ហិកតាផ្សេងទៀត ស្រូវមានអាយុ ២ខែ ជិតទទួលផលដែរ ។

កសិករម្នាក់ឈ្មោះ ធួន សុង នៅឃុំកកោះ ស្រុកមោងឫស្សីនិយាយថា ស្រូវស្រាលដែលដាំដុះប្រដេញទឹក តាំងពីពាក់កណ្ដាលខែតុលា និងខែវិច្ឆិកា ពុំមានបញ្ហាទេ ពួកអ្នកស្រុកយើងកំពុងត្រៀមច្រូតកាត់ប្រមូលផលស្អែក ឬខានស្អែកនេះ ចំពោះស្រូវអាយុ ១០៥ថ្ងៃ ។ ស្រូវស្រាលដែលដាំដុះក្នុង ខែធ្នូ និង ខែមករា អាចនឹងប្រឈមបញ្ហាខ្វះទឹក នៅក្នុងដំណាក់កាលស្រូវផើមហើយ ប្រសិនបើមិនមានទឹកភ្លៀងកក់ខែក្នុងខែមករាទេនោះ វានឹងខូច ។

បើយោងតាមរបាយការណ៍ ដែលមន្ត្រី នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងកាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ បានបង្ហាញថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងខេត្តបាត់ដំបង កសិករអនុវត្តន៍បានចំនួន ៥៥ ១៥១ហិកតា ស្មើនឹង ២០៩,៣ភាគរយ នៃផែនការចំនួន ២៦ ៣៤៣ហិកតា គឺលើសទ្វេដង ។

ជុំវិញករណីខាងលើ រហូតមកដល់ពេលនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មិនទាន់បានឆ្លើយតបថាយ៉ាងណានៅឡើយទេ ចំពោះវិធានការសង្គ្រោះស្រែប្រាំង របស់កសិករក្នុងស្រុកទាំងបីនោះ ។

ក្រុមកសិករទទួលស្គាល់ថា ឆ្នាំនេះប្រជាកសិករបានសម្រុកធ្វើស្រែប្រាំង យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីឆ្នាំទៅមិញមែន ដែលធ្វើឱ្យមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ មានការព្រួយបារម្ភពីការខ្វះទឹកដាក់ស្រែ ហើយនៅដំណាក់កាលចុងក្រោយ កសិករហាក់ផ្ញើក្តីសង្ឃឹមច្រើនទៅលើទឹកភ្លៀងកក់ខែ និងកិច្ចអន្តរាគមន៍បូមទឹកបញ្ជូនពីអាងកំពីងពួយ ដោយមន្ទីរកសិកម្មខេត្ត ។

ទោះជាយ៉ាងណា កសិករនៅតាមតំបន់ស្រែប្រាំង កំពុងយកអស់លទ្ធភាពបូមបញ្ជូនទឹកដែលសេសសល់នៅតាមបឹង, អូរ, ប្រឡាយ ចិញ្ចឹមស្រូវរង់ចាំភ្លៀងកក់ខែ និងអន្តរាគមន៍ពីមន្ទីរកសិកម្ម ឬអាជ្ញាធរមូលដ្ឋាន ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.