«លទ្ធផលសិស្សនិទ្ទេសA ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់យើងផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល»។ នេះជាការក្រើនរម្លឹក របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយក្មួយៗសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក “អ្នកចេះ គឺជាប់”។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបន្ថែមថា ដើម្បីកម្ពុជាអាចអភិវឌ្ឍទៅបាន យើងត្រូវការធនធានមនុស្ស ហើយចំណុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចាត់ទុក “ ការអភិវឌ្ឍមូលធនមនុស្ស” គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់ ដោយក្នុងនោះ”ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បីជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.