ប្រជាកសិករជាច្រើននៅខេត្តបាត់ដំបង បានចាប់យកមុខរបរចិញ្ចឹមសត្វទាយកពងលក់បន្ថែម ទៅលើការងារបង្កបង្កើនផលស្រូវ ដើម្បីទ្រទ្រង់ជីវភាពគ្រួ សារ ដោយក្រោយពីរដូវច្រូតកាត់ ពួកគាត់ប្រលែងសត្វទាជាហ្វូងៗ ឱ្យស៊ីកួរស្រូវដែលនៅសេសសល់ក្នុងស្រែ ។

ការចិញ្ចឹមជាលក្ខណៈធម្មជាតិបែបនេះ ចំណាយទុនតិច តែបានចំណេញច្រើនជាងឱ្យស៊ីចំណីកសិកម្ម ហើយពងទានោះទៀតសោត ក៏មានតម្រូវការខ្ពស់នៅលើទីផ្សារក្នុងស្រុក ។ នៅដើមខែមករានេះបន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សា កសិករចិញ្ចឹមទាបាននិងកំពុងប្រមូលពងទា ប្រកបដោយទិន្នផលខ្ពស់គួរឱ្យពេញចិត្ត ។ ម្ចាស់ហ្វូងទាជាច្រើនកន្លែង បានប្រាប់ឱ្យដឹងដូចៗគ្នាថា ការចិញ្ចឹមទាយកពង ប្រសិនបើរំពឹងលើចំណីកសិកម្មទាំងស្រុង ចំណាយថវិកាថ្លៃដើមច្រើន ហើយពងទានោះទៀតសោត លក់មិនសូវដាច់ និងបានកម្រៃជាប្រាក់ចំណេញតិចតួច ។ ដូច្នេះហើយទើបបានជាបងប្អូនយើងបាននាំគ្នាងាកមកចិញ្ចឹមតាមបែបធម្មជាតិវិញ ទើបទទួលបានទិន្នផលខ្ពស់ ហើយការចំណាយថ្លៃដើមមានកម្រិតទាប បានចំណេញច្រើន ក៏ប៉ុន្តែត្រូវការមើលថែទាំដោយយកចិត្តទុកដាក់បំផុត និងនឿយហត់បន្តិច ។

លោក នុល ធឿន ប្រធានសហគមន៍ ឃុំកំពង់ព្រៀង បានប្រាប់ឱ្យដឹងថា កសិករដែលបានចិញ្ចឹមទាយកពងលក់ តាមបែបជាតិនេះ មាននៅក្នុងភូមិអូសទូក, ភូមិកាច់រទេះ, និងភូមិសាលាត្រាវ ក្នុងឃុំកំពង់ព្រៀង, និងក្នុងឃុំរាំងកេសី, ស្រុកសង្កែ ក៏មានច្រើនកន្លែងផងដែរ គឺក្រោយពីច្រូតកាត់ទុកដាក់ផលស្រូវរដូវវស្សា ពួកគេជំរុញពង្រីកការចិញ្ចឹម ព្រោះសម្បូរចំណីសម្រាប់សត្វទា ។

ប្រជាកសិករចិញ្ចឹមទា នៅក្នុងឃុំរាំងកេសី ស្រុកសង្កែ លោក កង សំនៀង បានរៀបរាប់ឱ្យដឹងដែរថា បច្ចុប្បន្នលោកចិញ្ចឹមទាចំនួនជាង ៣ ០០០ក្បាល ។ ក្រោយពីលោកបានផ្អាកមុខរបរផ្សេងៗ ដែលលោកបានធ្វើកន្លងមក ។ ព្រោះមុខរបរទាំងនោះ បានចំណូលតិចទ្រទ្រង់ជីវភាពគ្រួសារមិនបានប្រសើរ ។ លោកសម្រេចចិញ្ចឹមទាយកពងលក់ នៅពេលសម្បូរចំណីតាមវាលស្រែអ្នកស្រុកភូមិ ព្រោះមិនបាច់ទិញចំណីបាវឱ្យស៊ីទេ ។ ការចិញ្ចឹមទានេះ ក៏មានផលលំបាកដែរ ព្រោះត្រូវឃ្វាលវាឱ្យដើររកចំណី និងដេកចាំទ្រុងនៅពេលយប់ ។ តែលោកតស៊ូរហូតបានផលដ៏ប្រសើរមកដល់ពេលនេះ លោកមិនបារម្ភលើជីវភាពគ្រួសារ ដូចពេលមុននោះដែរ ។ ទោះបីហត់នឿយបន្តិចក្តី ក៏លោកសប្បាយរីក រាយ ព្រោះក្នុង១ថ្ងៃលោកប្រមូលពងទា បានជាង ៣ ០០០គ្រាប់ ហើយលក់ឱ្យម៉ូយ១គ្រាប់ចន្លោះ ពី២៥០រៀល ដល់៣០០រៀល ។ ដូច្នេះអាចបាន ៧៥ម៉ឺនរៀល ជាងដែរក្នុងមួយថ្ងៃ ។

នៅលើទីផ្សារឈ្មួញលក់ចេញបន្ត ក្នុងពងទា១គ្រាប់ បានចន្លោះពី៤០០-៥០០រៀល ។ លោកបន្តថា ទារបស់លោកជាង ៣ ០០០ក្បាលនេះ លោកជ្រើសរើសយកពូជចំនួន ២ប្រភេទមកចិញ្ចឹម វាឆាប់ហុចផលក្នុងរយៈពេល ៣ខែ ដោយចាប់គិតពីរយៈពេលទិញកូនមកចិញ្ចឹម ។ ពូជទាំង២នោះគឺ ពូជទាសំពៅ និងពូជទាអង្កាម ទម្ងន់វា ១ក្បាល ជាង២គីឡូក្រាម ហើយគាត់អាចលក់មេទានោះទៅឱ្យគេធ្វើម្ហូបការ ម្ហូបបុណ្យនៅពេលដែលវាចាស់លែងសូវផ្តល់ពង ។

កសិករម្ចាស់ហ្វូងទានិយាយថា បើចិញ្ចឹមទានៅក្នុងទ្រុង ហើយសម្អាងលើចំណីកសិកម្មដាក់បាវនោះ គ្រាន់តែទូទាត់លើថ្លៃចំណី គឺសល់កម្រៃតិចតួច បើទោះបីក្នុង១ថ្ងៃ លោកអាចរកចំណូលបានចន្លោះ ពី៤០-៥០ម៉ឺនរៀល ក៏មិនសូវសល់កម្រៃច្រើនដែរ ។

បើតាមលោក សូ ភឿន និយាយថា តាំងពីរយៈពេលលោកបាន ដេញទាឱ្យរកស៊ីតាមវាលស្រែតាមបែបធម្មជាតិ គាត់បានបន្ថយចំណីឱ្យស៊ីតែ២ការ៉ុងប៉ុណ្ណោះក្នុង១ថ្ងៃ ហើយបានសល់កម្រៃច្រើនគួរសម ហើយសុខភាពទាក៏ល្អ ពងក៏មានគុណភាពរស់ជាតិឆ្ងាញ់ជាងពងឱ្យចំណីសុទ្ធ ។

កសិកររូបនេះបន្តថា “ ត្រឹមម៉ោង៥កន្លេះព្រឹក ខ្ញុំចាប់ផ្តើមដេញទាទៅតាមវាលស្រែ ឱ្យវាដើរស៊ីក្តាម ខ្យង ខ្ចៅ និងគ្រាប់ស្រូវដែលជ្រុះខ្លះនៅតាមស្រែ ក្រោយពីម្ចាស់គេច្រូតរួច ។ ដោយក្នុង១ខែផ្លាស់ទីតាំងម្តង ខ្ញុំសុំម្ចាស់ស្រែគេម្នាក់ៗហើយ គេអត់កំណាញ់ទេ ផ្ទុយទៅវិញពួកគាត់ថា បានចំណេ ញជីអាចម៌ទាដាក់លើដីស្រែរបស់ពួកគាត់ទៀតផង ” ។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថា ការចិញ្ចឹមទាយកពងរបស់កសិករ ក្នុងស្រុកសង្កែ តាមបែបធម្មជាតិនេះ មានប្រយោជន៍ច្រើន គឺវាបានស៊ីសត្វល្អិតចង្រៃការពារស្រូវទៅឆ្នាំក្រោយ ៗ ។ អាចម៍វាជួយបង្កើនគុណភាពដីស្រែ ជាពិសេសជួយឱ្យកសិករមានប្រាក់ចំណូលបន្ថែម ។ មន្ត្រីរូបនេះក៏កោតសសើរ ចំពោះក្រុមកសិករចិញ្ចឹមទាទាំងអស់ ដោយមានការតស៊ូក្នុងការដើរឃ្វាល និងមើលថែទាំទាបានល្អ ក្រោមកម្តៅថ្ងៃដើម្បីរកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយមិនធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ។

ទន្ទឹមនេះ កសិករចិញ្ចឹមទាជាច្រើនកន្លែងក្នុងស្រុកសង្កែ បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ សុំជួយទប់ស្កាត់ ការនាំចូលទាពីក្រៅប្រទេស ដើម្បីទុកឱកាសឱ្យកសិករក្នុងស្រុក ពង្រីកការចិញ្ចឹមឱ្យកាន់តែច្រើន ខណៈបច្ចុប្បន្នមហាជនបានមើលឃើញថា ពងទាកំពុងមានតម្រូវការច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.