សម្តេចមហាបវធិបតី ហ៊ុន​ ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតចំនួន ១១.០០០ នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។

សម្តេចមហាបវធិបតី ហ៊ុន​ ម៉ាណេត បានបន្ថែមថា ក្នុងនោះដែរ បើយើងពិនិត្យទៅក្រោយបន្តិច គិតត្រឹមឆ្នាំ១៩៩៧ រោងចក្រ-សហគ្រាស មានត្រឹម ៦៤រោងចក្រ និងមានកម្មករនិយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ តែគិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០ ៨៤០រោងចក្រ និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧ លាននាក់។

ជាមួយគ្នានេះរាជរដ្ឋាភិបាល បានបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ ផ្តល់អត្ថប្រយោជន៍នានា ជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.