ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត បានប្រាប់យុវជនជំនាន់ក្រោយថា របបប្រល័យពូជសាសន៍ ប៉ុល ពត មានពិតប្រាកដ ហើយថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃផ្តួលរំលំរបបយង់ឃ្នងមួយនោះ រហូតនាំឱ្មានសុខសន្តិភាពពេញលេញមកដល់សព្វថ្ងៃនេះ។ ដូច្នេះសូមយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងដឹកគុណជានិច្ចចំពោះថ្ងៃ ៧មករា និងចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូអង្វែងបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ខេត្តកំពត បានប្រារព្ធពិធីមិទ្ទីងរម្លឹកខួបទី៤៥ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០២៤) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ រដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងមានការចូលរួមពីសមាជិក សមាជិកាសភា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រះសង្ឃ ប្រមាណជាង ៥ពាន់នាក់។

ក្រោយពីអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា២០២៤) ឯកឧត្តមបណ្ឌិតបានលើកឡើងថា ៤៥ឆ្នាំមកហើយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយ ២៧ឆ្នាំដែលប្រទេសមានសុខសន្តិភាពពេញលេញ។ ក្មេងៗជំនានក្រោយ ស្ទើរតែមិនជឿថាកម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ រហូតនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ដូច្នេះយុវជនត្រូវជឿ ចងចាំនូវគុណបំណាច់នៃថ្ងៃ ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សបន្តទៅមុខទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្រុមយុវជនតំណាងអង្គមីទ្ទីង ក៏បានបង្ហាញចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តថា នឹងរួមគ្នាការពាររាល់សមិទ្ធផលនានាដែលមាន ថែរក្សាសុខសន្តិភាព និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងឈានទៅមុខយ៉ាងស្វាហាប់។ អង្គមីទ្ទីងបានបញ្ចប់ដោយការព្រលែងព្រាប បង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនតទៅថ្ងៃអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.