ថ្ងៃ ២ធ្នូ នាំអោយមានថ្ងៃ ៧មករា នាំអោយមាននយោបាយឈ្នះ ឈ្នះ ២៩ធ្នូ នាំអោយមានសុខ សន្តិភាព និងការអភិវឌ្ឍ”។ នេះជាប្រសាសន៍ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៤) នាទីរួមខេត្តក្រចេះ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ។ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ បញ្ជាក់ថា បេសកកម្មដ៏វែងឆ្ងាយក្នុងរយៈពេល ៤៥ ឆ្នាំមកនេះ ចាប់តាំងពីការចេញតស៊ូ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការបញ្ចប់ សង្គ្រាមស៊ីវិលតាមនយោបាយឈ្នះឈ្នះ នាំយកសុខសន្តិភាពពេញលេញនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការនាំយកនូវយុត្តិធម៌ និងការពិត ជូនជនរងគ្រោះនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង់ តាមរយៈដំណើរការកាត់សេចក្តីប្រកបទៅដោយរលូននិងមានការទទួលស្គាល់ ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិការផ្សះ ផ្សាជាតិនិង ការអភិវឌ្ឍ សង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង។ ឆ្លងតាមលទ្ធផលនៃការបញ្ចប់ ដំណើរការតុលាការនេះ, កម្ពុជាពិតជាកែប្រែ ពី ប្រទេសដែលខ្ទេចខ្ទាំដោយសារសង្រ្គាម មកជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុង ការ ស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលនឹងត្រូវចារទុក នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងសម័យទំនើប៖ សន្តិភាព តាមរយៈ យុត្តិធម៌ និងយុត្តិធម៌ តាមរយៈ សន្តិភាព។ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា នឹងចងចាំថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជា ដើមទុនដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាតខ្មែរក្រហម និងបានរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងស្រុង ទាំងផ្នែកយោធា នយោបាយក្រោមនយោបាយ ឈ្នះ ឈ្នះ ដាក់ចុះដោយសម្តេចតេជោ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន យុត្តិធម៌ត្រូវបានផ្តល់ជូនជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈការបង្កើតអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជាឬសាលាក្តីខ្មែរក្រហម។ជាមួយគ្នានោះដែរ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានលើកឡើងដែរថា ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃការប្រារព្ធទិវាខួបលើកទី៤៥ នៃទិវា ជ័យជម្នះ ៧ មករា, យើងទាំងអស់គ្នាត្រូវចូលរួមប្តេជ្ញា ចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទោះបីស្ថិតក្នុងតម្លៃ ណាក៏ដោយ មិនអនុញ្ញាតឱ្យក្រុមជនអគតិណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងឯកភាពជាតិកម្ពុជាដែលរកបានដោយពិបាកនេះបាន ឡើយ។ប្តេជ្ញាការពារពារឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារព្រះរាជបល្ល័ង្គ និងការពារអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់និងសុខក្សេមក្សាន្តសម្រាប់ ប្រទេសជាតិនិង ប្រជាជនកម្ពុជា។ប្តេជ្ញាចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ប្តេជ្ញាចូលរួមអនុវត្តមាគ៌ា គោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការស្មើភាពជាមួយបណ្តាប្រទេសនានានៅ លើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាងស្របតាមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យផ្អែកលើច្បាប់»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.