ត្រសក់ស្រូវជាប្រភេទដំណាំមួយ ដែលត្រូវបានគេនិយមចូលចិត្តបរិភោគទាំងផ្លែខ្ចី និងផ្លែទុំ។ ដំណាំមួយប្រភេទនេះដែរទាំងផ្លែខ្ចី និងទុំត្រូវបានគេរកឃើញថា មានសារធាតុចិញ្ចឹមច្រើនយ៉ាងដែលផ្តល់អត្ថប្រយោជន៍ដល់សរីរាង្គកាយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេបានរកឃើញថាដំណាំត្រសក់ស្រូវផ្អែមពូជមកពីប្រទេសជប៉ុន និងប្រទេសដទៃទៀតដែលមានរូបរាង ទ្រង់ទ្រង់ និងពណ៌សម្បុរប្លែកៗគួរជាទីទាក់ទាញដល់អតិថិជនបរិភោគ។ត្រសក់ស្រូវទាំងនេះគេឃើញមានលក់ផងដែរតាមទីផ្សារទំនើប និងសូម្បីតែតាមដងផ្លូវ។ គេអាចយកវាទៅទទួលទានស្រស់ និងអាចកែច្នៃធ្វើទឹកត្រសក់ដែលមានរសជាតិគួរជាទីទាក់ទាញ។ត្រសក់ស្រូវពូជពីបរទេសទាំងនេះខុសប្លែកពីត្រសក់ស្រូវបុរាណខ្មែរយើងដែលនៅពេលទុំគេច្រើនតែប្រើស្ករស ឬស្ករត្នោតជ្រលក់ជាមួយទើបបរិភោគទៅឈ្ងុយឆ្ងាញ់ជាប់មាត់។សម្រាប់ត្រសក់ស្រូវពូជបរទេសនេះច្រើនសាច់ស្រួយ ដោយក្នុងនេះគេគ្រាន់តែចិតសំបកហើយបរិភោគសាច់តែម្តងមិនត្រូវការប្រើស្ករបន្ថែមទេ។

លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ដែលបានតាំងលក់ ត្រសក់ផ្អែមពណ៌សលាយខៀវ,ត្រសក់ផ្អែមពណ៌ស,ត្រសក់ផ្អែមពណ៌លឿង ,ឪឡឹកលឿងនិងបន្លែផ្លែឈើច្រើនមុខទៀតនៅក្នុងស្តង់ពិព័រណ៍បន្លែផ្លែឈើដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ ដែលបានធ្វើឡើងយ៉ាងអធឹកអធមនៅវិមាន ឈ្នះ ឈ្នះនាថ្មីកន្លងមកនេះបានឱ្យដឹងថា៖ត្រសក់បីប្រភេទដែលលោកបានយកមកលក់ក្នុងនេះមានពូជមកពី កោះតៃវ៉ាន់ ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតបានលក់ដាច់គួរសម។ត្រសក់ទាំងនេះបានមកពីប្រជាសហគមន៍ជាអ្នកដាំដោយផ្ទាល់នៅប្រទេសកម្ពុជា។

លោកបានបន្ថែមថា ផ្លែត្រសក់ស្រូវផ្អែមពូជបរទេសទាំងនេះ គេអាចប្រមូលផលបាន ក្រោយពីដាំក្នុងរយៈពេល៣ខែ ក្នុងមួយផ្លែមានទម្ងន់ពី ១គីឡូជាងទៅ២គីឡូក្រាម។សម្រាប់តម្លៃវិញ គឺក្នុង១គីឡូក្រាមតម្លៃ៨០០០រៀល។ត្រសក់ទាំងនេះកំពុងលក់ដាច់លើទីផ្សារ ហើយកសិករដាំអាចទទួលនូវតម្លៃមួយខ្ពស់គួរសម។

ជាមួយគ្នានេះលោកបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋឱ្យជួយ គាំទ្រផលិតផល ដែលជាស្នាដៃររបស់កសិករខ្មែរយើងដាំ ដើម្បីជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាកសិករឱ្យចូលរួមដាំបន្ថែមទៀត ក៏ដូចជាបានចូលរួមលើកស្ទួយវិស័យកសិកម្មក្នុងស្រុកផង។

គួរបញ្ជាក់ថា ត្រសក់ស្រូវខ្មែរត្រូវបានកសិករជំនាញឱ្យដឹងថាគេអាចប្រមូលផលបាន (បន្លែ) ក្រោយពីដាំបានរយៈពេល ៤៥-៥០ ថ្ងៃ ពោលគឺក្រោយវាចេញផ្លែជាលើកដំបូង គេប្រមូលយកផ្លែខ្ចីៗសំរាប់ធ្វើជាបន្លែស្រស់ ឬ ជ្រក់នៅតំបន់ ខ្លះក្នុងខេត្តកំពង់ចាម គេយកទៅធ្វើជាត្រសក់ត្រៀម ឬត្រសក់ ចាវ ។ ការប្រមូលផល ធ្វើឡើង ៣-៤ថ្ងៃម្តងៗ ហើយធ្វើឡើងជាច្រើនដង ក្នុងមួយវដ្តជីវិតរបស់វា ទិន្នផលជាមធ្យមគឺ ៤-១១តោន ក្នុងមួយហិកតា នៅក្នុងតំបន់មាត់ទន្លេ។ របៀបប្រមូលផលគឺគេប្រើ កន្ត្រៃកាត់យកផ្លែ ដើម្បីរក្សាទុកផ្លែបានយូរ ក្រោយពីកាត់ហើយ យកមករក្សាទុក នៅក្នុងម្លប់ភ្លាម និងរៀបចូលទៅក្នុងកន្លែងស្ងួតមិនឱ្យដាច់រលាត់សម្បកឡើយ ព្រោះសម្បកវាស្ដើង កាលណាប៉ះទង្គិច ខ្លាំងបាត់បង់នូវសោភ័ណភាពទីផ្សារ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.