ពិធីបុណ្យសត្វដំរីដ៏ល្បីល្បាញរបស់ប្រទេសឡាវនឹងដំណើរការចាប់ពីថ្ងៃទី១២-១៨ ខែកុម្ភៈ នៅក្នុងខេត្តសាយ៉ាបុរីនៅភាគពាយ័ព្យ។

លោក ភីតភីសាយ ស៊ូនវីឡាយ អភិបាលរងខេត្តសាយ៉ាបុរី បាននិយាយថា ពិធីបុណ្យនេះគឺជាឆ្នាំទី១៧ របស់ខ្លួន ដែលមិនត្រឹមតែបន្តរក្សាភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណី និងការយល់ដឹងអំពីការអភិរក្សដំរីនោះទេ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសមួយចំនួនធំទៅកាន់ប្រទេសឡាវ ជាពិសេសខេត្តសាយ៉ាបុរីផងដែរ។

បន្ថែមពីលើការកំសាន្ត និងការអប់រំអ្នកទស្សនាអំពីសត្វដំរី ពិធីបុណ្យនោះមានគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសត្វដែលជិតផុតពូជទាំងនោះនៅក្នុងប្រទេសឡាវនិងជុំវិញពិភពលោក។

ពិធីបុណ្យសត្វដំរីឆ្នាំនេះនឹងមានសកម្មភាពជាច្រើន ដែលរួមមានសត្វដំរីលេងបាល់ទាត់និងលេងបាល់បោះ ចោលព្រួញ និងចូលរួមក្នុងល្បែងទាញព្រ័ត្រជាដើម។ អ្នកទេសចរក៏នឹងមានឱកាសមើលឃើញពីរបៀបដែលសត្វដំរីត្រូវបានបណ្តុះបណ្តាលផងដែរ។ ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈជាច្រើន នឹងត្រូវបានធ្វើឡើងរួមជាមួយនឹងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកមួយចំនួនទៀតផង។

ដោយមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសឡាវ និងមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីទីក្រុងវៀងចន្ទន៍ ខេត្តសាយ៉ាបុរីមានកន្លែងទាក់ទាញទេសចរណ៍ធម្មជាតិចំនួន ២៩ទីតាំង ទីកន្លែងទេសចរណ៍វប្បធម៌ចំនួន ១២ទីតាំង និងកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រចំនួន ៦ទីតាំង។ បច្ចុប្បន្ននេះ ស្រុកថុងមីសាយនៃខេត្តនេះ មានហ្វូងសត្វដំរីធំជាងគេ ដោយសារតែអ្នកស្រុកមានប្រពៃណីយូរអង្វែងនៃការថែទាំ និងចិញ្ចឹមបីបាច់សត្វដំរី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.