រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី ឥន្រ្តាវ៉ាទី បានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានចំណាយថវិកាចំនួន ៤៥៥,៨ទ្រីលានរូពី (ប្រមាណ ២៩,៤ប៊ីលានដុល្លារអាម៉េរិក) ពីថវិការដ្ឋសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធកាលពីឆ្នាំមុន។

តួលេខនេះបានកើនឡើង ២២,២% បើប្រៀបធៀបទៅនឹងចំនួន ៣៧២,៨ទ្រីលានរូពីដែលបានកត់ត្រានៅក្នុងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានជាតិ Antara របស់ឥណ្ឌូណេស៊ី បានរាយការណ៍ថា ថវិកាហេដ្ឋារចនាសម្ព័ន្ធត្រូវបានបែងចែកទៅឱ្យក្រសួង និងស្ថាប័នផ្សេងៗសម្រាប់គម្រោងសាងសង់ចម្រុះនៃលំនៅដ្ឋាន បណ្តាញធារាសាស្ត្រ ផ្លូវថ្នល់ និងកំពង់ផែសមុទ្រ ក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

មូលដ្ឋានក្នុងតំបន់ក៏បានទទួលថវិកាដោយផ្ទាល់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន ប្រឡាយបង្ហូរទឹក និងប្រព័ន្ធទឹកស្អាតផងដែរ។ ការបែងចែកថវិកាបន្ថែមទៀត ត្រូវបានផ្តល់ហិរញ្ញប្បទានដល់គម្រោង Trans-Sumatra Rolls និងការសាងសង់លំនៅដ្ឋានចំនួន ២០០.០០០ខ្នង។

លោកស្រី ឥន្រ្តាវ៉ាទី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Antara ថា «ទាំងនេះ គឺធានានូវសមភាពហេដ្ឋារចនាសម្ព័ន្ធដែលមាននៅក្នុងអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីទឹកស្អាត ផ្លូវ ស្ពាន និងប្រព័ន្ធធារាសាស្រ្ត រហូតដល់ផ្លូវដែក អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.