នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបជាមួយក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងធ្វើវឌ្ឍនភាពការងារពាក់ព័ន្ធទៅនឹងកំណែទម្រង់ហិរញ្ញវត្ថុរដ្ឋបាលសាធារណៈ។

ក្នុងជំនួបនេះ ឯកឧត្តម យក់ ប៊ុនណា បានរាយការណ៍សង្ខេបពីសាវតាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វឌ្ឍនភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងមុខងារសាធារណៈ និងទិសដៅការអនុវត្តការងារបន្ត។

បន្ទាប់មកអង្គប្រជុំបានបញ្ចេញមតិយោបល់ទៅលើបញ្ហាក្នុងការអនុវត្តការងារជាក់ស្តែងនាពេលកន្លងមកសម្រាប់ជាធាតុចូលក្នុងការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងមុខងារសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដោយកោតសរសើរលទ្ធផលការងារកន្លងមក និងជំរុញទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តការងារបន្ថែមទៀត ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួនផង ដឹកនាំនូវការងារកែទម្រង់រដ្ឋបាលសាធារណៈផង ហើយជំរុញការងារគន្លឹះនៃការងារអាទិភាពផ្សារភ្ជាប់ទៅនឹងការងារកែទម្រង់រដ្ឋបាលសាធារណៈជារួមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា អាណត្តិទី៧ នេះ ជាឱកាសមួយក្នុងការបោះជំហ៊ានទៅមុខ ការកែទម្រង់ជាជំហ៊ានៗ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដោយរួមចំណែកក្នុងការកសាងខឿនបន្ថែមទៀត សម្រាប់ក្មេងជំនាន់ក្រោយ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.