ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូណេស៊ី (BMKG) កាលពីថ្ងៃទី៣១ ខែធ្នូ បានរកឃើញការរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ ដែលបានអង្រួនតំបន់សារមី ក្នុងខេត្តប៉ាពួខាងជើង កាលពីព្រឹកព្រលឹម។

ដូចដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិ Antara របស់ប្រទេសនោះ ការរញ្ជួយដីនោះត្រូវបានបង្កឡើងដោយកំហុសរុញច្រាននៅក្នុងតំបន់ Anjak Mamberamo ក្នុងជម្រៅ ៥០គីឡូម៉ែត្រ។

ទីភ្នាក់ងារ BMKG មិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិទេ ហើយក៏មិនមានរបាយការណ៍អំពីការខូចខាតដោយសារការរញ្ជួយដីនោះដែរ។

ប្រទេសឥណ្ឌូណេស៊ីតែងតែប្រឈមមុខនឹងការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក។ កឡពីខែមករា ឆ្នាំ២០២១ ការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រនៅក្នុងខេត្តស៊ូឡាវេស៊ីខាងលិចរបស់ប្រទេសនេះ បានបណ្តាលឱ្យមនុស្សចំនួន ១០០នាក់បានស្លាប់ និងជិត ៦.៥០០នាក់រងរបួស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.