មនុស្សម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនលើទីក្រុងហ្វេអូដូសៀនៃតំបន់គ្រីមៀ ខណៈដែលអគារចំនួនប្រាំមួយបានទទួលរងការខូចខាត។ នេះបើយោងតាមប្រមុខនៃតំបន់គ្រីមៀ លោក ស៊ែរហ្គេយ អាកស៊ីយ៉ូណូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោក អាកស៊ីយ៉ូណូវ បាននិយាយថា «ជាអកុសល ជាលទ្ធផលនៃការវាយប្រហាររបស់សត្រូវនៅទីក្រុងហ្វេអូដូសៀ បានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និង ២នាក់រងរបួស ហើយអគារចំនួន៦ ត្រូវបានរងការខូចខាត។ មនុស្សចំនួន ៦នាក់ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ហើយប្រជាជនផ្សេងទៀតកំពុងស្នាក់នៅជាមួយសាច់ញាតិ និងមិត្តភ័ក្តរបស់ពួកគេ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកំពុងដំណើរការជាធម្មតា និងមិនមានការរឹតបន្តឹងទៅលើការធ្វើចរាចរណ៍របស់អ្នកដំណើរទេ»។

នៅពេលមុននេះ រដ្ឋមន្ត្រីដឹកជញ្ជូននៅតំបន់គ្រីមៀ លោក នីកូឡាយ លូកាស្សិនកូ បាននិយាយថា ការដឹកជញ្ជូនតាមផ្លូវដែកនៅតំបន់គ្រីមៀកំពុងដំណើរការជាធម្មតាបន្ទាប់ពីការវាយប្រហារលើទីក្រុងហ្វេអូដូសៀ។ ចរាចរណ៍នៅលើស្ពានគ្រីមៀតាមរយៈសាឡាងឆ្លងកាត់ និងនៅប៉ុស្តិ៍ត្រួតពិនិត្យអាមីយ៉ាន់ស្ក៍ ឌីហ្សាន់កូវ និងប៉េរ៉េកូប ក៏នៅដំណើរការជាធម្មតាដែរ។

លើសពីនេះទៀត វាត្រូវបានគេរាយការណ៍ថា ការវាយប្រហាររបស់សត្រូវត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហ្វេអូដូសៀ តំបន់កំពង់ផែត្រូវបានបិទ។ រដ្ឋបាលទីក្រុងហ្វេអូដូសៀ បាននិយាយថា ចរាចរណ៍ត្រូវបានបិទជាបណ្ដោះអាសន្ននៅលើផ្លូវពីរនៅជិតកំពង់ផែ។ កាលវិភាគរថយន្តក្រុងត្រូវបានកែសម្រួលទៅតាមនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.