ប្រធានបទ៖ ការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក និងទស្សនៈវិស័យ

វាគ្មិន៖ លោក ទន់ លីណាសុផាឬទ្ធិ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ កញ្ញា សោយ សុជាតា

សំណួរទី ១៖  កាលពីសប្ដាហ៍មុនលោកបានលើកឡើងរួចហើយពាក់ព័ន្ធទៅនឹងសារបាន ក៏ដូចជាគោលដៅយុទ្ធសាស្រ្តរបស់ EU មកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បន្ថែមពីលើនេះ អ្វីដែលខ្ញុំចង់ឱ្យលោកជួយពន្យល់បន្ថែមថា តើ EU មានការឆ្លើយតបអ្វីខ្លះទៅលើការប្រកួតប្រជែងអំណាចនៅក្នុងតំបន់ និងបញ្ហានានាដែលឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងជួប្រទះ?

ដូចបានលើកឡើងកាលពីសប្ដាហ៍មុនរួចហើយ ថាយុទ្ធសាស្រ្ត EU បានកោតសរសើរចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថា ជាតំបន់ដែលមាននូវសារៈសំខាន់ដល់សង្គម និងសេដ្ឋកិច្ចចំពោះការអនុវត្តគោលនយោបាយរបស់ខ្លួន។ ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះ ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ជាកន្លែងដែលប្រមូលផ្ដុំទៅដោយបញ្ហាប្រឈមជាច្រើន ដូចជាផលប៉ះពាល់នានាពីបញ្ហាប្រឈមនយោបាយ បញ្ហាសន្តិសុខ និងការពារជាតិ ក៏ដូចជាការគំរាមកំហែងសន្តិសុខមិនប្រពៃណីផងដែរ។ ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការប្រឈមជាមួយនឹងការប្រកួតប្រជែងមហាអំណាចក្នុងតំបន់។ ត្រង់ចំណុចនេះ យើងគួរក្រឡែកទៅមើលអតីតកាលបន្តិច ថាអភិក្រមរបស់ EU គឺរស់ពឹងផ្អែកទៅលើច្រកតែមួយ (single-track) តាមរយៈប្រទេសចិន និងផ្អែកលើគោលនយោបាយនៃការចូលរួមជាមួយនឹងទីក្រុងប៉េកាំង។ ក៏ប៉ុន្តែរយៈកាលក្រោយមក ដោយប្រទេសចិនមានការកើនឡើងនូវអំណាច ជាពិសេសទៅលើអំណាចភូមិសាស្រ្តនយោបាយដ៏មហិមា យើងសង្កេតឃើញថា ទំនាក់ទំនង EU-ចិន មានភាពតានតឹងកាន់តែខ្លាំងឡើងៗ ដែលជាកត្តាធ្វើឱ្យ EU ចាប់ផ្ដើមពិនិត្យនិងវាយតម្លៃឡើងវិញអំពីមធ្យោបាយ ឬអភិក្រម single-track របស់ខ្លួនជាមួយនឹងទីក្រុងប៉េកាំង។ ហើយមិនត្រឹមតែពិននឹងទេ ភាពតានតឹងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងព្រុចសែល ក៏បានកើតមានចាប់តាំងពីឆ្នាំ២០១៩ ដែលវាជាភស្ដុតាងបន្ថែមទៀតដែលបង្ហាញអំពីភាពមិនល្អប្រសើរទៅលើទំនាក់ទំនងរវាង EU និងប្រទេសចិន។ យ៉ាងណាមិញកត្តាទាំងអស់នេះហើយ វាបានធ្វើឱ្យមានការបង្កក់ ឬក៏បង្អាក់នូវដំណើរនៃកិច្ចសហការជាច្រើនរវាងភាគីទាងពីរ ជាពិសេសនោះគឹកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ EU-ចិន។ ម្លោះហើយចង់ឬមិនចង់ ការដែលបង្កើតយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ត្រូវបានគេឆ្លុះបញ្ចាំងនៅក្នុងគំនិតអំពីការប្រកួតប្រជែងជាមួយនឹងចិន ដែលវាមិនមានភាពខុសគ្នាពី ស.រ.អា. និងប្រទេសមួយចំនួនទៀតទេ។ ហើយវាក៏អាចសបញ្ជាក់ឱ្យយើងបានឃើញដែរថា ការបោះជំហ៊ានរបស់ EU មួយនេះ បង្ហាញអំពីការរុញច្រានពីប្រទេសចិន (pivot from China) ដោយខ្លួនជាតួអង្គនៅក្នុងតំបន់ដោយឈរលើសិទ្ធផ្ទាល់ខ្លួន។

ម្លោះហើយ ទឡ្ហីករនេះបានថ្លឹងថ្លែងអំពីជំហររបស់ EU ដែលមានភាពបន្ស៊ីគ្នាជាមួយស.រ.អា. ជាជាងចិន នៅក្នុងន័យការឱ្យតម្លៃគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែអ្វីដែលយើងគួរកត់សម្គាល់នោះ ដូចខ្ញុំបានលើកឡើងកាលពីខាងដើមមក ថាអភិក្រមរបស់ EU ចំពោះតំបន់នៅគឺផ្ដោតសំខាន់ទៅលើការរួមបញ្ចូលគ្នាច្រើន (inclusiveness) ដែលលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការតំបន់ជារួម ដែល EU មិនមានការឡើកឡើងចំៗនោះទេពាក់ព័ន្ធទៅនឹងការតទល់ឬប្រឆាំងនឹងចក្ខុវិស័យគាបសង្កត់របស់ចិនចំពោះសណ្ដាប់ធ្នាប់ពិភពលោក នៅក្នុងតំបន់ (China’s repressive vision of world order)។ ហើយវាស្ដែងឱ្យឃើញថា EU មិនមានបំណងឬចេទនាណាមួយក្នុងការចូលដៃជាមួយនឹងមហាអំណាចណាមួយនោះទេ ក៏ប៉ុន្តែផ្ទុយមកវិញ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ EU ចង់បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងនូវ «ស្វ័យភាពយុទ្ធសាស្រ្ត» របស់ខ្លួនពីមហាអំណាចនានា។ ជាក់ស្ដែងដូចបានគូសបញ្ជាក់នៅក្នុងសេចក្ដីសន្និដ្ឋាន Council Conclusion on an EU Strategy for Cooperation in the Indo-Pacific ថាការចូលរួមរបស់ EU នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកគួរតែរួមចំណែកដល់ការពង្រឹងយុទ្ធសាស្រ្តស្វ័យភាព និងសមត្ថភាពរបស់ EU ក្នុងការសហការជាមួយនឹងដៃគូដើម្បីឆ្ពោះទៅរកការការពារគុណតម្លៃ និងផលប្រយោជន៍រួម។ ជារួម ការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយដៃគូក្នុងតំបន់ ដូចជា ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី វៀតណាម ឥណ្ឌា អូស្រ្តាលី ឥណ្ឌូនេស៊ី និងនូវែលសេឡង់ ក៏ដូចជាការគាំទ្រទៅដល់ស្ថាបត្យកម្មក្នុងតំបន់ ដែលដឹកនាំដោយអាស៊ាន ដែលវាបានបង្ហាញយ៉ាងច្បាស់អំពីការជំរុញ និងការប្ដេជ្ញាចិត្តរបស់ EU ដើម្បីធ្វើពិពិធកម្ម និងបន្តរបៀបវារៈយុទ្ធសាស្រ្តស្វ័យភាពរបស់ខ្លួនក្នុងតំបន់។ ផ្ជាប់ជាមួយគ្នានោះផងដែរ EU បានចាត់ទុកអាស៊ានជាចំណុចកណ្ដាលនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ដែល ដែលក្រុមប្រទេស ឬតំបន់ទាំងពីរនេះបាននឹងកំពុងតែពង្រឹងទំនាក់ទំនងអន្តរតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែម តាមរយៈការតំឡើងទំនាក់ទំនងរបស់ពួកគេទៅ «ភាពជាដៃគូយុទ្ធសាស្រ្ត» ចាប់តាំងពីឆ្នាំ២០២០មកម្លេះ។ ហើយម្យ៉ាង EU និងអាស៊ាន គឺជាដៃគូនៅក្នុងការធ្វើសមាហរណកម្ម ដែលធ្វើការយ៉ាងជិតស្និតជាមួយគ្នាចំពោះដំណោះស្រាយពហុភាគីលើបញ្ហានានា។ ម្លោះហើយ យើងអាចទាញបានថា អាស៊ានក៏ជាចំនុចយុទ្ធសាស្រ្តដែលមិនអាចខ្វះបានសម្រាប EU ក្នុងការបោះជំហានរបស់ខ្លួនយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលគោលនយោបាយការបរទេសនិងកិច្ចសហប្រតិបត្តិការរបស់ EU ជាមួយនឹងអាស៊ានគឺមានភាពបន្ស៊ីគ្នាច្រើន ទៅនឹងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួននៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ មួយវិញទៀត វាក៏ជាការឆ្លើយតបនិងការប្ដេជ្ញាចិត្តរបស់ EU ផងដែរចំពោះការបន្ធូរបន្ថយភាពតានតឹងរបស់ EU ផ្ទាល់ និងសម្ពាធពីការប្រកួតប្រជែងមហាអំណាចក្នុងតំបន់ ដោយមានប្រទេសដៃគូនានាផ្សេងទៀត ជាពិសេសអាស៊ានដែលជាកម្លាំងស្នូលដើម្បីជម្រុញកិច្ចសហប្រតិបត្តិការដែលដាក់ចេញនៅក្នុងយុទ្ធសាស្រ្ត EU ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាប័ន្នចំពោះតំបន់។

សំណួរទី ២៖ ចំពោះលោកផ្ទាល់ តើលោកយល់ឃើញយ៉ាងណាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ EU? ថាតើវាមានភាពប្រាកដប្រជា និងភាពប្រពិចស្រពិលអ្វីខ្លះ ពីព្រោះយើងបានមើលឃើញរួចហើយថា EU តួអង្គសំខាន់មួយនៅក្នុងឆាកអន្តរជាតិ?

ចង់ឬមិនចង់ វត្តមាននៃយុទ្ធសាស្រ្ត EU នៅឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានមជ្ឈដ្ឋានទូទៅផ្ដល់នូវការវិភាគ និងទិដ្ឋភាពផ្សេងៗគ្នាចំពោះផែនការយុទ្ធសាស្រ្តរបស់ EU មួយនេះ។ ចំពោះខ្ញុំទស្សនៈខ្ញុំផ្ទាល់ ខ្ញុំសូមបែងចែកជាពីរទិដ្ឋភាព គឺវិជ្ជមាន និងអវិជ្ជមាន ដោយផ្អែកភាពជាក់ស្ដែងនៃចេទនារបស់ EU ចំពោះតំបន់ និងទិដ្ឋភាបជាក់ស្ដែងនៃវិវត្តន៍ និងការកើនឡើងឥទ្ធិពលរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាក់ស្ដែង យើងអាចមើលឃើញបានថា EU ត្រូវបានប្រទេសនានាក្នុងតំបន់ស្វាគមន៍យ៉ាងកក់ក្ដៅ ឬក៏តិចជាងនេះទៅតាមកម្រិតនៃទំនាក់ទំនងពួកគេជាមួយនឹង EU ផ្ទាល់ ចំពោះការប្ដេជ្ញាចិត្តរបស់ EU ក្នុងការចូលរួមគោលគំនិតយុទ្ធសាស្រ្តនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវាក៏ជាការអភិវឌ្ឍន៍ និងការបោះជំហានដ៏វិជ្ជមានមួយ។ ខ្ញុំអាចនិយាយបានថា យុទ្ធសាស្រ្តដែល EU បានដាក់ចេញ គឺជាការស្ដែងឱ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះពហុភាគីនិយមសកល ការលើកកម្ពស់សន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីលើនេះ ការចូលរួមរបស់ EU នៅឥណ្ឌូ-ប៉ាស៊ីហ្វិកនេះទៀតសោធ ក៏បំពេញបន្ថែមនិងបង្កើនកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគជាដើម។ ហើយវាក៏ជារឿងល្អផងដែរ ហើយក៏មិនមែនជារឿងថ្មីសម្រាប់ EU នោះទេ ដែលខ្លួនបានសង្កត់ធ្ងន់ និងឱ្យតម្លៃទៅលើ សណ្ដាប់ធ្នាប់ផ្អែកតាមច្បាប់អន្តរជាតិ ដែលរួមបញ្ហាសន្តិសុខដែនទឹក ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។ លើសពីនេះទៅទៀត យុទ្ធសាស្រ្ត EU មួយនេះ ក៏ដើរតួនាទីជាឱកាសមួយសម្រាប់ការធ្វើពិពិធកម្មភាពជាដៃកូរបស់ខ្លួនជាមួយនឹងប្រទេសនានានៅក្នុងតំបន់ ដែលវាផ្ដល់ជាជម្រើសបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការផ្នែក នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបំពេញបន្ថែមទៅលើទំនាក់ទំនងដែលមានស្រាប់ជាមួយនឹងតួអង្គធំៗនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ យើងងាកមកមើលលើទិដ្ឋភាពអវិជ្ជមានវិញម្ដង ដោយហេតុថា EU ក្នុងការឈានជើងចូលទៅក្នុងល្បែងនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក អាចត្រូវបានមើលឃើញថាជាការជ្រៀតជ្រែកនៅក្នុងបញ្ហាតំបន់ ដោយផ្អែកលើមូលដ្ឋានដែលថា EU គឺជាប្លុកនៃប្រទេសនៅតំបន់អឺរ៉ុប ដែលអាចនឹងផ្ដល់នូវភាពរាំងស្ទះចំពោះការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួនដល់ការដោះស្រាយបញ្ហា និងការរីកចម្រើននៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយ EU ជារួមត្រូវមានការឆ្លងកាត់នូវការសម្រេចពីបណ្ដាប្រទេសជាសមាជិកក្នុងការអនុវត្តនូវគោលការណ៍ណាមួយ ហើយម្យ៉ាងគេក៏មើលឃើញថា EU ហាក់មិនមាននូវចេតនាច្បាស់លាស់ណាមួយឡើយក្នុងការចូលរួមដល់ដំណោះស្រាយចំពោះបញ្ហាដែលរាំងស្ទះដែលកំពុងកើតមានក្នុងតំបន់ ហើយក៏មិនមាននូវសារៈសំខាន់ជាប្រវត្តិសាស្រ្ត និងនយោបាយណាមួយដែលអាចជះឥទ្ធិពលដល់តំបន់នោះឡើយ។ ទឡ្ហីករនេះហើយ ដែលយើងអាចកំណត់បានថា ការបង្កើនការចូលរួមរបស់ EU ហាក់ដូចជាមានចេតនានៅក្នុងការប៉ុនប៉ងពង្រីកឥទ្ធិពលរបស់ខ្លួន ដែលចង់ឬមិនចង់ វាអាចនឹងបង្កជាក្ដីព្រួយបារម្ភទៅដល់សង្វៀនការប្រកួតប្រជែងអំណាច និងឥទ្ធិពលក្នុងតំបន់ទាំងមូល។ ហើយលើសពីនេះទៅទៀត វាជាចំណុចដ៏សំខាន់និងរសើបដែលយើងមិនអាចមើលរំលងនោះគឺថាការដាក់ចេញយុទ្ធសាស្រ្ត EU ក៏អាចវិនិច្ឆ័យបានថាជាការប៉ុនប៉ងដើម្បីទប់ទល់ទៅនឹងការកើនឡើងឥទ្ធិពលមហាអំណាចក្នុងតំបន់ ដូចជាចិននិងស.រ.អា.ជាដើម ដែលនេះអាចនាំឱ្យមានការចោទជាសំណួរអំពីចេតនារបស់ EU ចំពោះការថ្លឹងថ្លែងផលប្រយោជន៍ភូមិសាស្រ្តនយោបាយជាមួយនឹងដៃគូមហាអំណាចណាមួយក្នុងតំបន់។

ជារួម ខ្ញុំគិតថា EU គួរតែបង្ហាញអំពីគោលជំហរ និងគោលបំណងយុទ្ធសាស្រ្តរបស់ខ្លួនឱ្យបានច្បាស់ ដើម្បីជាស្នូលក្នុងការនាំឱ្យសម្រេចបានគោលដៅដែលបានដាក់ចេញចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ហើយម្យ៉ាង ក៏ដើម្បីជាផលប្រយោជន៍រួមសម្រាប់តំបន់ផងដែរ។

សំណួរទី ៣៖ ជាចុងក្រោយ តើលោកអាចរំលេចបន្តិចបានទេអំពីទស្សនវិស័យ និងសេនារីយូអនាគតនៃវត្តមានយុទ្ធសាស្រ្ត EU នៅក្នុងតំបន់ដ៏មានសក្តានុពលមួយនេះ? ថាតើអ្វីទៅដែលជាជំហានបន្ទាប់សម្រាប់ EU ក្នុងការបន្តដំណើររបស់ខ្លួនឱ្យមានលំនឹងរឹងមាំចំពោះយុទ្ធសាស្រ្តរបស់ខ្លួន?

ក្នុងនាមជាតួអង្គសំខាន់នៅលើឆាកអន្តរជាតិ EU គួរតែរៀបចំឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងតំបន់ដ៏មានសក្តានុពលមួយនេះក៏ដូចជាដៃគូក្នុងតំបន់ផង ជាពិសេសនោះគឺធ្វើយុទ្ធសាស្រ្តយ៉ាងណាឱ្យមានភាពជាក់ស្ដែង និងអាចធ្វើទៅបាន។ ក្នុងន័យនេះ អ្វីដែល EU កំពុងតែធ្វើក្នុងការបោះជំហានបង្កើនការចូលរួមនៅក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាចំពោះមុខគឺការអនុវត្តដែលត្រូវការពេលវេលា ហើយ EU ត្រូវធ្វើយ៉ាងណាដោយបង្ហាញពីជំហររឹងមាំច្បាស់លាស់មួយចំពោះចេតនា និងយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការចូលរួមនៅក្នុងតំបន់ដ៏មានឥទ្ធិពលមួយនេះ។ ហើយអ្វីដែលខ្ញុំមើលឃើញនៅពេលនេះ EU ត្រូវឆ្លងកាត់ដំណើរមួយដវែងឆ្ងាយទៀតនៅក្នុងទិសដៅយុទ្ធសាស្រ្តរបស់ខ្លួន ម្លោះហើយ EU គួរតែពឹងផ្អេកលើការគាំទ្រពីបណ្ដាប្រទេសសមាជិករបស់ខ្លួនក្នុងការអនុវត្តយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់នេះ។ ក្នុងន័យនេះ ខ្ញុំចង់សំដៅលើ សមាជិកធំពីរដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្ចើយុទ្ធសាស្រ្តរបស់ខ្លួនចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក នោះគឺ បារាំង និងអាល្លឺម៉ង់ តែទោះជាយ៉ាងណាក្ដីប្រទេសទាំងពីរនេះក៏ជាកម្លាំងក្នុងការជម្រុញឱ្យ EU តាំងទីរបស់ខ្លួននៅឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ ឃើញថាក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ គឺចាំបាច់ទាមទារឱ្យមានការចូលរួមពីបារាំង និងអាល្លឺម៉ង់ ដោយហេតុរបៀបវារៈនៃយុទ្ធសាស្រ្តរបស់ពួកគេគឺផ្តោតសំខាន់ច្រើនទៅលើវិស័យសន្តិសុខ ដែលអាចជួយជម្រុញនិងលើកកម្ពស់ដល់វឌ្ឍនភាពកិច្ចសហប្រតិបត្តិការរបស់ EU ក្នុងតំបន់ ហើយម្យ៉ាងវាក៏អាចជាផែនទីបង្ហាញផ្លូវសម្រាប់ EU ក្នុងនាមជាតួអង្គថ្មី នៅក្នុងតម្រូវការការជម្រុញសន្តិសុខដែនសមុទ្រ និងដោះស្រាយភាពតានតឹង រួមទាំងសន្តិសុខនានាផ្សេងទៀត។ ជារួមអ្វីដែលសំខាន់នោះ គឺ EU និងប្រទេសសមាជិកទាំងអស់ត្រូវរួមគ្នា ជាពិសេសធ្វើយ៉ាងណាផ្ដល់អាទិភាព និងបង្កើតឱ្យបាននូវក្រុមការងារបច្ចេកទេស និងជំនាញដែលយលចិត្តទុកដាក់លើឥណ្ឌូ-ប៉ាស៊ីហ្វិក។ ហើយបន្ថែមពីលើនេះផងដែរ EU ត្រូវធ្វើការកៀរគរកម្លាំងគាំទ្រពីរដ្ឋសមាជិក ទៅលើយុទ្ធសាស្រ្តស្វ័យភាពរបស់ខ្លួននៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងរៀបចំឱ្យមានភាពច្បាស់លាស់លើគោលជំហរ និងផែនទីភូមិសាស្រ្តនយោបាយរបស់ខ្លួននៅក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ស្របតាមផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយជាយុទ្ធសាស្រ្តនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

Share.

Comments are closed.