លោក ស្សាន សាអ៊ីដ ប្រធានសេដ្ឋវិទូសកលនៅ Juwai IQI បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើងពី ៤-៥% នៅឆ្នាំក្រោយ ប្រសិនបើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានធានា។

យោងតាមអ្នកជំនាញរូបនោះ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីមានសេដ្ឋកិច្ចស្ថិរភាព និងរឹងមាំ ដោយសារមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ សេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើន បើទោះបីជាមានផលប៉ះពាល់ជាសក្តានុពលពីបញ្ហាប្រឈមជាសកលមួយចំនួន ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏ដោយ។

ទាក់ទងនឹងរូបិយប័ណ្ណក្នុងស្រុករីងហ្គីត (RM) អ្នកជំនាញរូបនោះបាននិយាយថា អត្រាប្តូរប្រាក់នឹងប្រែប្រួលនៅចន្លោះពី ៤,១៧-៤,៤៤រីងហ្គីតក្នុងមួយដុល្លារអាម៉េរិក ដោយផ្អែកលើកត្តាជាច្រើន។

ទីមួយ គឺប្រាក់ដុល្លារអាម៉េរិកនឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០២៤ ដោយសារតែធនាគារកណ្តាលអាម៉េរិកគ្រោងនឹងបញ្ចុះអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ច។ លោកបាននិយាយថា នេះនឹងធ្វើឱ្យប្រាក់រីងហ្គីតឡើងថ្លៃនៅក្នុងឆ្នាំ២០២៤។

ទីពីរ គឺតម្លៃប្រេងកាន់តែខ្ពស់នឹងជំរុញរូបិយប័ណ្ណដោយសារប្រេង ដែលជាការនាំចេញសំខាន់មួយរបស់ប្រទេសម៉ាឡេស៊ី។

ទីបី គឺឧស្សាហកម្មទេសចរណ៍នឹងគាំទ្រដល់វិស័យសេដ្ឋកិច្ច ខណៈដែលមានភ្ញៀវទេសចរណ៍ទៅលេងប្រទេសម៉ាឡេស៊ីកាន់តែច្រើនឡើង ដូច្នេះវាជួយជំរុញអាជីវកម្ម និងការប្រើប្រាស់ក្នុងស្រុក។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងហូរចូលប្រទេសម៉ាឡេស៊ីពីប្រភពផ្សេងៗគ្នាជាច្រើន ដូចជាប្រទេសចិន សិង្ហបុរី អឺរ៉ុប និងសហរដ្ឋអាមេរិក។ អ្នកជំនាញរូបនោះបាននិយាយថា FDI មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច ព្រោះវាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការធានាស្ថិរភាពគោលនយោបាយ និងសក្តានុពលកំណើនរបស់ប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.