«ក្របខ័ណ្ឌគោលនយោបាយមិនមែនធ្វើឡើងផ្អែកទៅលើអ្វីដែលជាការស្រាវជ្រាវនៅក្នុងអាកាសនោះទេ មែនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក បង្ហោះនៅក្នុងស្ថាប័ន តាមបណ្ដាស្ថាប័នអន្តរជាតិជាច្រើនដែលយើងមាន ដែលជាទិន្នន័យចាស់នោះទេ តែវាត្រូវផ្អែកលើទិន្នន័យ បច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី»។នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងថា “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”នេះជាការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាក់លាក់ «មិនធ្វើដោយស្រមើស្រមៃ ឬដោយអារម្មណ៍ឬការគិតនោះទេ តែត្រូវផ្អែកលើទិន្នន័យជាក់ស្ដែង ហើយទិន្នន័យជាក់ស្ដែងនេះ គឺសំខាន់ណាស់»។

បើតាមសម្ដេចធិបតី ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និង ភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.