នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ ស្តីពី អង្គ ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មាន សំខាន់ៗ ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន យោ បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។

បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ច ក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

បន្ថែមពីលើសពីនេះ លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរួមចំណែកក្នុងដំណើរការអនុវត្ត និងតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋ កិច្ច ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ជាពិសេសលទ្ធផលជំរឿនសេដ្ឋកិច្ច រួមចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច ដែល ឆ្លុះ បញ្ចាំងអំពីទិន្នន័យព័ត៌មានសកម្មភាពផលិតកម្ម សេវាកម្មរបស់អង្គភាពសេដ្ឋកិច្ច គ្រប់ទំហំ ខ្នាត និងប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធអង្គភាពសេដ្ឋកិច្ច កម្លាំងពលកម្ម ឬអ្នកចូលរួមការងារ ស្ថានភាពហិរញ្ញវត្ថុ និងសូចនាករផ្សេងៗទៀតតាមវិស័យសកម្មភាពសេដ្ឋកិច្ច ដែលត្រូវបានគ្របដណ្តប់ដោយជំរឿនកសិកម្ម ព្រមទាំងស្ថានទូត និងអង្គភាពប្រហាក់ប្រហែល ដូចជាក្រសួងស្ថាប័ន ឬអង្គភាពរដ្ឋាភិបាល ទីបញ្ជាការដ្ឋានទាហាន និងអង្គភាព សេដ្ឋកិច្ចចល័ត និងផ្នែកសកម្មភាពការងារបម្រើឱ្យគ្រួសារដែល ស្ថិតនៅក្នុងចំណាត់ ថ្នាក់វិស័យ ឧស្សាហកម្មតាមស្ដង់ដារអន្តរជាតិនៃអង្គការសហប្រជាជាតិ។

ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿន សេដ្ឋកិច្ច ឆ្នាំ២០២២។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.