សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីពីរ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) នៅចុងខែមករាឆ្នាំក្រោយ។

យោងតាមលោកស្រី ចូទីម៉ា អ៊ាមសាវ៉ាសឌីគុល អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្ម បានឱ្យដឹងថា ជុំនៃកិច្ចពិភាក្សានៅទីក្រុងបាងកកនឹងគ្របដណ្តប់ទៅលើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងសេវាកម្ម។ ភាគីទាំងពីរគ្រោងនឹងរៀបចំកិច្ចប្រជុំចំនួន៣ ក្នុងមួយឆ្នាំ ដោយមានគោលដៅបញ្ចប់កិច្ចចរចានៅក្នុងឆ្នាំ២០២៥។

ប្រទេសថៃ និងសហភាពអឺរ៉ុប បានរៀបចំកិច្ចពិភាក្សា FTA ជុំទីមួយក្នុងខែកញ្ញាឆ្នាំនេះនៅទីក្រុងប្រ៊ុចសែល។ ជុំនេះរួមមានកិច្ចប្រជុំនៅថ្នាក់ប្រធានគណៈប្រតិភូ និងកិច្ចប្រជុំអនុគណៈកម្មាធិការកម្រិតអ្នកជំនាញចំនួន១៩។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៤ របស់ប្រទេសថៃ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។ ពាណិជ្ជកម្មទ្វេភាគីរបស់ភាគីទាំងពីរឈានដល់តម្លៃ ៣៥ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ១,៩៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៧,៣% នៃតម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃនៅទូទាំងពិភពលោក៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.