ប្រធានបទ៖ «ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាសុី

………………………………………………………………………………………………………….

សូមគោរព និងជម្រាបសួរទូរទស្សនិកជនជាទីគោរព និងសូមស្វាគមន៍មកកាន់កិច្ចសម្ភាសន៍នៃ កម្មវិធី ស្ថានភាពផ្ទៃក្នុងកម្ពុជា និងទីផ្សារធុរកិច្ច។ នៅក្នុងថ្ងៃនេះផងដែរ កម្មវិធីរបស់យើងនឹងលើកយកប្រធានបទមួយពាក់ព័ន្ធទៅនឹង «ការអភិវឌ្ឍន៍វិស័យយសេដ្ឋកិច្ច នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលយើងនឹងផ្តោតលើគោលនយោបាយនៃរដ្ឋាភិបាលអាណត្តិថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ នាងខ្ញុំ សោយ សុជាតា ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចសម្ភាសន៍នេះ។ នៅថ្ងៃនេះផងដែរ យើងខ្ញុំមានកិត្តិយសដែលមានវាគ្មិនមួយរូបអញ្ជើញចូលរួមបកស្រាយទៅលើប្រធានបទខាងលើ គឺ លោកបណ្ឌិត ឆេង គីមឡុង ដែលលោកបណ្ឌិត គឺជា អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាសុី ឬហៅកាត់ថា AVI។

ចា៎ សូមជម្រាបសួរ លោកបណ្ឌិត។ សូមស្វាគមន៍លោកបណ្ឌិត មកកាន់កិច្ចសម្ភាសន៍នៅក្នុងថ្ងៃនេះ។

លោកបណ្ឌិត ដូចដែលយើងបានដឹងហើយថា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា លោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំដំបូង ដែលគិតចាប់ពីឆា្នំ២០២៣ ដល់ ឆ្នាំ២០២៨ ។

សំណួរទី១៖ ជាបឋម ដើម្បីឱ្យកិច្ចពិភាក្សានេះកាន់តែសុីជម្រៅ តើលោកបណ្ឌិតអាចបញ្ជាក់បានទេថា តើអ្វីទៅជាយុទ្ធសាស្ត្របញ្ចកោណ? ហើយតើលោកបណ្ឌិតយល់យ៉ាងណាចំពោះយុទ្ធសាស្ត្រនេះ?

វាគ្មិន៖ បាទសូមអរគុណ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាយុទ្ធសាស្ត្រដែលបានបន្តមកពីយុទ្ធសាស្ត្រពីររួចមកហើយ។ ទី១ យុទ្ធសាស្ត្រត្រីកោណ ដែលរដ្ឋាភិបាលក្នុងអាណត្តិមុនបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៣។ បន្ទាប់មកនៅក្នុងឆ្នាំ ២០០៤ យើងឃើញថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិនោះចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ រហូតមកដល់ឆ្នាំ ២០២៣  មុន រាជរដ្ឋាភិបាលអាណត្តិនេះ។ យុទ្ធសាស្ត្រចតុកោណនោះ មានបួនដំណាក់កាល ក្នុង ១ ដំណាក់កាលមានរយៈពេល ៥ ឆ្នាំ។ នៅក្នុងអាណត្តិទី៧ នេះ យើងឃើញថា រដ្ឋាភិបាលបានកំណត់យកនូវយុទ្ធសាស្ត្រថ្មីហៅថា យុទ្ធសាស្ត្របញ្ចកោណ។ យុទ្ធសាស្ត្របញ្ចកោណនេះ គឺជាឯកសារយុទ្ធសាស្ត្រដែលកំណត់អំពី គោលដៅ បេសកកម្ម គោលបំណង និងក្របខណ្ឌនៃការអនុវត្ត ហើយជាកម្មវិធីគ្រប់ជ្រុងជ្រោយមួយសំដៅដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើងក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ក្នុងទិសដៅយូរអង្វែង។

ជាពិសេស ការកសាងមូលដ្ឋានគ្រឹះចាប់ពីពេលនេះរហូតសម្រេចបានក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០។ ប៉ុន្តែមុនឈានទៅដល់ឆ្នាំ ២០៥០ រដ្ឋាភិបាលបានគូសវាសចេញនូវអភិក្រម និងយុទ្ធសាស្ត្រជាច្រើនដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ យើងឃើញថា មានបន្ថែមជាសសរស្តម្ភជាច្រើនបន្ថែមទៀត។ នៅក្នុងនោះ បើយើងមើលពីបាវចនា ឃើញមានបន្ថែមបាវចនាទី៥ ដែលហៅថាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងយុទ្ធសាស្ត្រចតុកោណយើងឃើញថា មានបាវចនាតែ ៤ ទេ ដូចជា កំណើនសេដ្ឋកិច្ច ការបង្កើតការងារ សមភាព និងប្រសិទ្ធភាព។ ប៉ុន្តែនៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបានបន្ថែមនូវបាវចនាទី៥មួយទៀត ហៅថាចីរភាព។

នៅក្នុងយុទ្ធសាស្ត្រដែលជាសសរស្តម្ភដើម្បីឱ្យបានសម្រេចនូវបាវចនាទាំងប្រាំដែលផ្តល់នូវទស្សនៈវិស័យគ្របដណ្តប់រួមនោះគឺ រដ្ឋាភិបាលបានផ្តល់ទិសដៅមួយទៀតគឺ ការចាប់យក និងការពង្រឹងនូវការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។ យើងឃើញថា នៅក្នុងទិសដៅទាំងនេះចូលរួមចំណែកយ៉ាងខ្លាំង និងស្របទៅតាមពេលដែលប្រទេសកម្ពុជាកំពុងតែមានការវិវត្តទៅផង ក៏ស្របទៅនឹងនិន្នាការនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកផងដែលទាមទារឱ្យកម្ពុជាយើងចាប់ផ្តើមយកចិត្តទុកដាក់ធ្វើការវិនិយោគការទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅស្រុកច្រើន ដើម្បីឆ្លើយតបទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាយើង។

សំណួរទី២៖ លោកបណ្ឌិត អាចបញ្ជាក់បានទេ ថាតើដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព តើយើងគួរមានវិធានការ និងសកម្មភាពបែបណាខ្លះ?

វាគ្មិន៖ យុទ្ធសាស្ត្របញ្ចកោណនេះ វាមានវិសាលភាពទូលំទូលាយច្រើនជាងយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលមុនៗ ដែលយើងឃើញថា នឹងទាមទារឱ្យមានតួអង្គពាក់ព័ន្ធ។ តួអង្គពាក់ព័ន្ធគឺជា ស្ថាប័ន ជាក្រសួង ជាពិសេសបណ្តាក្រសួងទាំងអស់រាល់ក្រសួងស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺមានកាតព្វកិច្ចនៅក្នុងការចូលរួមការអនុវត្ត។ បើយើងមើលទៅលើមួយជ្រុង ជាពិសេសនៅក្នុងទិដ្ឋភាពផ្នែកខាងឧស្សាហកម្ម យើងឃើញថា ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តមានកាតព្វកិច្ចដឹកនាំ និងសម្របសម្រួល ហើយនិងអូសទាញនូវក្បាលម៉ាសុីន នៅក្នុងការអភិវឌ្ឍន៍។ និយាយជារួម ដើម្បីអនុវត្តនូវផែនការ សកម្មភាពដែលនឹងគូសវាសដោយយុទ្ធសាស្ត្របញ្វកោណ គឺទាមទារឱ្យរាល់ក្រសួងស្ថាប័នទាំងអស់ជាអ្នកចូលរួមចំណែក អនុវត្ត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាពិសេសទៀត ត្រូវការនូវភាពជាដៃគូរវាងរដ្ឋាភិបាល ស្ថាប័ន ក្រសួងជំនាញទាំងអស់នោះ ជាមួយនឹងវិស័យឯកជន។ ឯកជនយើងឃើញថា មានច្រើនផ្នែក ច្រើនវិស័យ។ បើយើងមើលផ្នែកព័ត៌មានវិទ្យា ឌីជីថល ឬទូរគមនាគមន៍ឌីជីថល យើងឃើញថា មានទាំងក្រសួងទូរគមនាគមន៍ផង និងផ្នែកឯកជន ដែលឯកជនគឺក្រុមហ៊ុន ដែលផ្តល់សេវាទូរគមនាគមន៍ដែលផ្តល់នូវសេវាផ្នែកអុីនធឺណែតជាដើម។

នៅមួយផ្នែកទៀត គឺជាការសម្រេចចាប់យកភាពជាដៃគូ ជាមួយនឹងបណ្តាប្រទេសដែលជាទ្វេរភាគីផង និងបណ្តាអង្គការពហុភាគីផងដែរ។ ឧទាហរណ៍ថា ទាក់ទងនឹងផ្នែកពិពិធកម្មសេដ្ឋកិច្ចនៅក្នុងស្រុកការជម្រុញ  នវានុវត្ត ការផលិតកែច្នៃនូវទំនិញសេវាផ្សេងៗទៀត ដែលកម្ពុជាអាចផលិតបាន និងប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុកមួយចំនួនជាដើម។ នេះមានន័យថាទាមទារឱ្យរាជរដ្ឋាភិបាលយើង ស្រូបទាញនូវបច្ចេកវិទ្យានៅក្រៅស្រុកតាមរយៈការបង្កើតទៅជាភាពដៃគូពាណិជ្ជកម្ម ហើយនិងជម្រុញឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងក្រុមហ៊ុន ឬក៏វិស័យឯកជន ដែលអាចជាប្រភពដ៏សំខាន់មួយនៅក្នុងការនាំយកនូវទាំងធនធានមូលធនសម្រាប់វិនិយោគផង និងបច្ចេកវិទ្យាផងដើម្បីបម្រើតម្រូវការនៃការពង្រឹងនូវផលិតភាព ប្រសិទ្ធភាពនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ការពង្រឹងនូវផលិតភាពស្តង់ដារនៃទំនិញសេវាក្នុងស្រុក និងការដឹកជញ្ជូនរួមទាំងនៅក្នុងប្រព័ន្ធអេកូនៃការផលិត ដឹកជញ្ជូនរហូតទៅដល់ទីផ្សារទិសដៅ។

សំណួរទី៣៖ បន្ថែមពីលើនេះផងដែរ ដោយសេដ្ឋកិច្ចគឺជាកត្តាមួយនៅក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ បើតាមទស្សនៈរបស់លោកបណ្ឌិត តើវាផ្តល់នូវផលប្រយោជន៍ និងផលប៉ះពាល់យ៉ាងដូចម្តេចខ្លះទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា?

វាគ្មិន៖ បាទ ភាគច្រើនយើងឃើញតែផលចំណេញ ព្រោះយុទ្ធសាស្ត្របញ្ចកោណ ដ៏ដូចជាយុទ្ធសាស្រ្តមុនៗ គឺសំដៅការបើកទីផ្សារកម្ពុជា។ យើងឃើញហើយ នៅក្នុងយុទ្ធសាស្ត្រត្រីកោណ ១៩៩៨ ដល់ ២០០៣ នៅក្នុងនោះគឺកម្ពុជាត្រៀមខ្លួន និងបញ្ចូលខ្លួននៅក្នុងកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។ ក្រោយមក កម្ពុជាចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ១៩៩៩ ហើយ នៅឆ្នាំ២០០៤ យើងក៏បានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្រោយមកទៀត រដ្ឋាភិបាលបានពន្លឿននៅក្នុងការពង្រីកទីផ្សារនាំចែញរបស់ខ្លួន ក៏ដូចជាដៃគូពាណិជ្ជកម្មទាំងអស់នោះតាមរយៈការចងក្រងឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី និងពហុភាគី។ នេះជា យុទ្ធសាស្ត្រចម្បងមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគ ធុរកិច្ច វិស័យពាណិជ្ជកម្មរបស់កម្ពុជា។

ទី១ មានន័យថា នៅពេលដែលកម្ពុជាយើងមានទីផ្សារកាន់តែទូលាយនាំឱ្យបង្កើននូវភាពទាក់ទាញ មានន័យថាបង្កលក្ខណៈឱ្យកម្ពុជាក្លាយទៅជាទិសដៅវិនិយោគដ៏សំខាន់មួយ រួមទាំងការធ្វើចលនកម្មដើម្បីឱ្យវិស័យវិនិយោគនៅក្នុងស្រុក ដែលហៅថា Domestic Investment។ Domestic Investment គឺមើលឃើញអំពីសក្តានុពលនៃយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ចទាំងអស់នេះ។

ទី២ យើងឃើញថា សារៈសំខាន់ដល់សេដ្ឋកិច្ចនោះគឺ ការនាំចូល ការពង្រឹងនូវវិស័យបច្ចេកវិទ្យានវានុវត្ត។ បច្ចេកវិទ្យានវានុវត្តនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ការផលិតកែច្នៃទំនិញ កម្ពុជាយើងមានសក្តានុពលច្រើន នៅក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម។ ទី២ យើងមានសក្តានុពលមួយគឺថា ប្រជាជនកម្ពុជាភាគច្រើនវ័យក្មេងដែលជាកម្លាំងពលកម្មដ៏សកម្ម ដ៏មានថាមវ័ន្តចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ ការផ្តល់នូវកម្លាំងពលកម្ម នៅក្នុងទីផ្សារ។ ជាពិសេស នៅក្នុងទីផ្សារឧស្សាហកម្ម និងសេវាកម្មនានា។

ទី៣៖ ទាក់ទងទៅនឹងវិស័យការលូតលាស់ផ្នែកបច្ចេកវិទ្យាឌីជីថល។ រដ្ឋាភិបាលនៅក្នុងអាណត្តិមុន តមកអាណត្តិក្រោយនេះ នឹងដៅឆ្ពោះយកនូវការបង្កើនល្បឿន ឬហៅថាបរិវត្តកម្មឌីជីថលឱ្យកាន់តែលឿនដើម្បីឱ្យកម្ពុជាយើងក្លាយទៅជា រដ្ឋាភិបាលឌីជីថលផង សង្គមឌីជីថលផង និងសេដ្ឋកិច្ចឌីជីថលផង។ ប៉ុន្តែទាំងអស់នេះ ទាមទារឱ្យមានការអនុវត្តចំនុចទី៤ ដែលទី៤ នោះគឺការបង្កើននូវសមត្ថភាព ហៅថាជាផលិតភាពផ្នែកកម្លាំងពលកម្ម។ ដើម្បីបង្កើននូវផលិតភាពកម្លាំងពលកម្មបាន លុះត្រាតែប្រជាពលរដ្ឋកម្ពុជា និស្សិតដែលជាពិសេសកម្លាំងពលកម្មកម្ពុជាយើងមានចំនេះ ជំនាញសមស្រប ទាំងជំនាញបច្ចេកវិទ្យាមធ្យម និងខ្ពស់ ទាំងជំនាញផ្សេងៗទៀតដូចជាជំនាញទន់ជាដើម។

ទី៤៖ ចំនុចនេះសំដៅលើការពង្រឹងនូវសមត្ថភាព ជំនាញវិជ្ជាជីវៈ នៅក្នុងការផលិតជាក់ស្តែង ហៅថា Productive Skill ធ្វើឱ្យប្រជាជនកម្ពុជាយើងអាចងាយស្វែងរកការងារ និងអាចក្លាយជាសហគ្រិនដោយខ្លួនឯង បង្កើតការងារផ្សេងៗ។ នេះគឺជាយុទ្ធសាស្ត្ររយៈពេលមធ្យម និងរយៈពេលវែង ដែលជាកម្មវិធីរបស់រដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នេះ។ យើងឃើញថា ការសំដៅសម្រួចនូវយុទ្ធសាស្ត្រទាំងអស់នេះ នឹងផ្តល់ជាភាពទាក់ទាញដល់កម្ពុជាផង និងធ្វើឱ្យទំនិញសេវាកម្មដែលផលិតនៅកម្ពុជានេះ ឬក៏ជាវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវោនោយោគនៅកម្ពុជាមានភាពប្រកួតប្រជែង ប្រដោះប្រសងទៅនឹងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានយើង តំបន់មេគង្គ និងអាសុី-ប៉ាសុីហ្វិកជាដើម។

សំណួរទី៤៖ ភ្ជាប់ទៅនឹងចំនុចទី៣ ដែលលោកបណ្ឌិតបានលើកឡើង ទាក់ទងទៅនឹងបច្ចេកវិទ្យាឌីជីថល។ ដូចដែលយើងបានដឹងហើយថា បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមបច្ចុប្បន្ន ដូច្នេះ តើការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងសង្គមឌីជីថល មានប្រសិទ្ធភាពយ៉ាងដូចម្តេចខ្លះតាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះ?

វាគ្មិន៖ ការសំដៅនៅក្នុងការពង្រឹងធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែលឿន គឺជាគោលដៅអទិភាពមួយដែលយើងឃើញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។

ទី១ ការពង្រឹងនូវការបង្កើននូវសមត្ថភាពជំនាញឌីជីថលដល់ប្រជាជនកម្ពុជា ការលើកទឹកចិត្តឱ្យប្រជាជនវ័យក្មេងជាពិសេសចាប់យកនូវចំនេះជំនាញផ្នែកឌីជីថល ការបង្កលក្ខណៈងាយស្រួលផ្នែកច្បាប់ និងការអនុវត្តច្បាប់ជាដើម ដល់ក្រុមហ៊ុនឯកជន សហគ្រិនឌីជីថលវ័យក្មេងទាំងអស់នោះជាពិសេស គឺធុរកិច្ចបង្កើតថ្មី ផ្នែកឌីជីថល ផ្នែកបច្ចេកវិទ្យានេះឱ្យមានភាពទាក់ទាញ ឱ្យមានការរីកចម្រើនកាន់តែលឿន។

ទី២ នៅក្នុងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលបានអនុម័តនៅក្នុងឆ្នាំ ២០២១ កន្លងទៅ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលទាំងក្នុងសម័យមុន និងរដ្ឋាភិបាលសម័យនេះបានបន្តអនុវត្ត និងពង្រឹងថែមទៀតនោះ គឺការផ្តល់ការលើកទឹកចិត្តយ៉ាងណាឱ្យធុរកិច្ចជនទាំងក្នុងស្រុក និងក្រៅស្រុកវិនិយោគឱ្យច្រើន។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលសំដៅនៅក្នុងការធ្វើយ៉ាងណាពង្រីកនូវការវិនិយោគសាធារណៈ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងនូវគុណភាពនៃផ្នែកឌីជីថលទាំងអស់ រួមទាំងសេវាអុីនធឺណែត និងសេវាទូរគមនាគមន៍ជាដើម។

ទី៣ ការការពារនូវសន្តិសុខផ្នែកសារព័ត៌មានវិទ្យា ឬហៅថា Cyber Security ការធានាឱ្យមានសិទ្ធិសេរីភាពផ្នែកឌីជីថលឱ្យមានភាពទូលំទូលាយដល់ប្រជាជន និងវិស័យឯកជន និងវិស័យមិនមែនឯកជនដទៃទៀត។

ទី៤ រដ្ឋកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងឌីជីថលឱ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល។ យើងឃើញថា ការធ្វើបែបនេះ គឺធ្វើឱ្យរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងតម្រូវការនៅក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានតម្លៃទាប លឿនរហ័សដល់ប្រជាជន ព្រោះក្នុងសម័យនេះប្រជានជនភាគច្រើន មិនថាប្រជាជនវ័យក្មេងទេ ប្រជាជនដែលមានវ័យចំណាស់មួយចំនួនទាំងអស់ប៉ុន្មានឆ្នាំទៀត ជាពិសេសអ្នកដែលកើតនៅក្នុងទសវត្ស ៧០ ជាដើមនឹងក្លាយជាយុវជនដែលមានវ័យចំណាស់។ អ្នកទាំងអស់នោះនឹងក្លាយជាអ្នកដែលប្រើប្រាស់នូវសេវាឌីជីថលទាំងអស់។ ដូច្នេះ រដ្ឋាភិបាលត្រូវពង្រឹងទាំងអស់នេះ ហើយធ្វើយ៉ាងណាត្រៀមលក្ខណៈជាមុនថា ១០ ទៅ ៣០ ឆ្នាំទៀតសង្គមកម្ពុជានឹងក្លាយទៅជាសង្គមឌីជីថល រដ្ឋាភិបាលនឹងក្លាយជារដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ សេដ្ឋកិច្ចឌីជីថលមានន័យថា ពង្រីកនូវកាឡានុវត្តភាពផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ដល់ប្រជាជនទាំងអស់នៅក្នុងការបង្កើតនូវទំនិញសេវាថ្មី ការភ្ជាប់ខ្លួនទៅនឹងបណ្តាអាជីវកម្មធុវកិច្ច ជាមួយនឹងបណ្តាប្រទេសនៅក្នុងអាស៊ាន និងទៅក្រៅពិភពលោក។ មានន័យថា ការជម្រុញឱ្យក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ការចាប់យកនូវសេដ្ឋកិច្ចឌីជីថល ជម្រុញឱ្យក្លាយទៅជាប្រព័ន្ធឌីជីថលរួមដែលខ្ញុំបានលើកឡើងទាំងកម្រិតរដ្ឋាភិបាល ទាំងកម្រិតសង្គម ទាំងសេដ្ឋកិច្ចទាំងអស់នោះ ដើម្បីជម្រុញនូវពាណិជ្ជកម្មឌីជីថល ហើយពាណិជ្ជកម្មឌីជីថលនឹងរីកដុះដាល។ សព្វថ្ងៃនេះ យើងឃើញថា ប្រជាជនខ្មែរមួយចំនួនបានក្លាយទៅជាអ្នកបង្កើតថ្មី អ្នកបង្កើតនូវប្រព័ន្ធប្រើប្រាស់ឌីជីថលមួយចំនួននៅក្នុងស្រុក។ ខ្លះទៀត ត្រូវបានភ្ជាប់ខ្លួនទៅនឹងទីផ្សារទៅនឹងបណ្តាញធុរកិច្ចរបស់ខ្លួននេះទៅប្រទេសសិង្ហបុរី ថៃ និងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក។

មួយទៀត បើយើងគិតពីផ្នែកខាងធនាគារ និងហិរញ្ញវត្ថុវិញ ការជម្រុញនូវបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងធនាគារបានរីកសុះសាយនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាបានបង្កើតនៅប្រព័ន្ធបាគងមួយក្រោមការដឹកនាំរបស់លោកជំទាវ ជាសេរី និងថ្នាក់ដឹកនាំសំខាន់ៗទៀត បានជម្រុញឱ្យកម្ពុជាក្លាយជាអ្នកនាំមុខមួយនៅក្នុងវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្តុ ហៅថា FinTech ហើយបាគងបានដាក់ឱ្យប្រើប្រាស់នៅបណ្តាប្រទេសមួយចំនួន។ ទន្ទឹមពេលហ្នឹង កម្ពុជាយើងឆ្លើយតបទៅនឹងនិន្នាការក្នុងតំបន់ផង សកលផង និងប្រហែលជា មួយ ឬពីរសតវត្សតទៅទៀតការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលរឹតតែទូលំទូលាយ។ ដូច្នេះ វាជាការប្រមើមើលយុទ្ធសាស្ត្ររយៈពេលមធ្យម និងយូរអង្វែងសម្រាប់ធ្វើយ៉ាងណាឱ្យកម្ពុជាយើងកាន់តែមានភាពធន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការកសាងនៃសេដ្ឋកិច្ចនៅក្នុងសង្គមឌីជីថល គឺធ្វើយ៉ាងណាឱ្យសង្គមកាន់តែមានភាពបរិយាបន្ន កាន់តែមានភាពធន់ឆ្លើយតបទៅនឹងនិន្នាការប្រែប្រួលក្នុងរយៈពេលខ្លី និងមធ្យម។

ខ្ញុំគិតថា បើរាជរដ្ឋាភិបាលធ្វើបែបនេះ ហើយដោយមានការចូលរួមពីវិស័យឯកជនផង និងភាគីពាក់ព័ន្ធផ្សេងៗទៀតផង ប្រហែលជាសេដ្ឋកិច្ចកម្ពុជាអាចមានភាពធន់ រឹងមាំ និងបរិយាបន្នជាងមុន ហើយធ្វើឱ្យកម្ពុជាយើងឆ្លើយតបទៅនឹងទិសដៅនៅក្នុងការសម្រេចបាននៅក្នុងប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០។ ទោះបីជាមានការយឺតយ៉ាវបន្តិចបន្តួចក្តីដោយសារតែការរំខានពីជំងីរីករាលដាលកូវីដ-១៩ នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ដែលទើបតែរលត់ទៅថ្មីៗនេះ សង្គ្រាមដែលអូសបន្លាយ ឬគ្រោះធម្មជាតិផ្សេងៗទៀត ខ្ញុំគិតថារាជរដ្ឋាភិបាលនៅក្នុងអាណត្តិនេះ មានភាពចាំបាច់ណាស់។ ការចាំបាច់ដ៏ពិសេសនោះគឺ ការជួយសម្រួលនៅក្នុងបរិយាកាសធុរកិច្ចវិនិយោគពាណិជ្ជកម្ម។ ធុរកិច្ចវិនិយោគសំដៅទៅលើ ការបង្កលក្ខខណ្ឌអំណោយផលនៅក្នុងស្រុក ទាំងការអនុវត្តច្បាប់ ការបង្កើតច្បាប់ និងការកាត់បន្ថយនូវច្បាប់ណាដែលមានភាពមិនចំណេញ ដូចជាឃើញហើយថ្មីៗនេះរដ្ឋាភិបាលបានលុបបំបាត់នូវការចុះបញ្ជី ឬលក្ខខណ្ឌតម្រូវមួយចំនួនសម្រាប់ក្រុមហ៊ុនតូចៗនៅក្នុងស្រុក នៅក្នុងការចុះបញ្ជីទទួលបាននូវសិទ្ធិនៅក្នុងការបើកធុរកិច្ច។ ការកាត់បន្ថយទាំងអស់នោះ មួយផ្នែកគឺលើកទឹកចិត្តឱ្យក្រុមហ៊ុនជាច្រើនចាប់ផ្តើមអនុវត្ត ហើយពង្រឹងខ្លួន។ ទន្ទឹមនឹងពេលនោះ រាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសផង និងអាចជាការឧបត្ថម្ភធន់ផ្នែកហិរញ្ញវត្ថុដែលមានការប្រាក់តិច ឬមិនមានការប្រាក់នៅក្នុងរយៈពេលខ្លី និងមធ្យម។

ចា៎ សូមអរគុណច្រើនលោកបណ្ឌិត។ ទូរទស្សនិកជនជាទីគោរព កិច្ចសម្ភាសន៍របស់យើងក៏បានឈានមកដល់ទីបញ្ចប់ នាងខ្ញុំក៏សូមថ្លែងអំណរគុណសារជាថ្មីដល់ លោកបណ្ឌិត ឆេង គីមឡុង ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមបកស្រាយ និងចែករំលែកនូវទស្សនៈទាក់ទងទៅនឹងប្រធានបទ «ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅក្នុងថ្ងៃនេះ។

សូមអរគុណ និងសូមគោរពលា ជួបគ្នាម្តងទៀតនៅពេលក្រោយ!

Share.

Comments are closed.