យោងតាមអគ្គស្នងការប៉ូលិសជាតិឥណ្ឌូណេស៊ី លោក លីស្ទីយ៉ូ សីហ្គីត ប្រាបូវ៉ូ បានឱ្យដឹងថា ប៉ូលិសជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (Polri) គ្រោងនឹងផ្លាស់ប្តូរបុគ្គលិកចំនួន ៣០.៨៧៨នាក់ជាបណ្តើរៗទៅកាន់រដ្ឋធានីថ្មី (IKN) នូសាន់តារ៉ា នៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត។

លោកបាននិយាយបន្ថែមថា ការផ្ទេរប៉ូលិសទាំងនោះ នឹងធ្វើឡើងជាបួនដំណាក់កាល។លោកបាននិយាយនៅក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការប៉ូលិសនៅរមណីយដ្ឋានពិសេសនូសាន់តារ៉ា កាលពីថ្ងៃទី២១ ខែធ្នូថា នៅក្នុងដំណាក់កាលដំបូង Polri នឹងផ្លាស់ប្តូរបុគ្គលិកចំនួន ១.៦៦៧នាក់ទៅកាន់រដ្ឋធានីថ្មី IKN បន្ទាប់មកបុគ្គលិកចំនួន ៩.៤៨៤នាក់ បន្ទាប់មកបុគ្គលិកចំនួន ៩.៦៨៥នាក់សម្រាប់ដំណាក់កាលទីបី និងចុងក្រោយ គឺ ៩.៦៧៨នាក់សម្រាប់ដំណាក់កាលទី៤។យោងតាម លោក លីស្ទីយ៉ូ បានឱ្យដឹងថា ការសាងសង់ទីស្នាក់ការប៉ូលិសជាតិនៅក្នុងរដ្ឋធានីនូសាន់តារ៉ា គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ លើសពីនេះទៀត ក្រសួងសាធារណការ និងលំនៅឋាន កំពុងសាងសង់អគារចំនួន៤ ដែលមានចំនួនសរុប ១.៦៨០ល្វែង ដែលត្រូវបានកំណត់សម្រាប់មន្ត្រីប៉ូលិស។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ចាប់ពីពាក់កណ្តាលឆ្នាំ២០២២ មក ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមសាងសង់រដ្ឋធានីថ្មីដែលមានចម្ងាយ ២.០០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងហ្សាការតា។ រដ្ឋធានីថ្មីនូសាន់តារ៉ា ត្រូវបានរចនាឡើងជាទីក្រុងបៃតង ដែលក្នុងនោះព្រៃឈើមាន ៦៥% នៃផ្ទៃដី និងជាទីក្រុងអព្យាក្រឹតកាបូនដំបូងគេនៅក្នុងប្រទេស។ រដ្ឋធានីថ្មីនេះត្រូវបានគេនិយាយថាមានកន្លែងអប់រំ និងវេជ្ជសាស្ត្រលំដាប់ពិភពលោកផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.