រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី លោក អុង យេគុង បាននិយាយកាលពីពេលថ្មីៗនេះថា ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ចុងក្រោយបង្អស់របស់ប្រទេសសិង្ហបុរី អាចនឹងចាប់ផ្តើមឡើងដល់កម្រិតកំពូល ប៉ុន្តែសាធារណជនចាំបាច់ត្រូវបន្តធ្វើបច្ចុប្បន្នភាពសម្រាប់ការចាក់វ៉ាក់សាំង។

ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៦.០៤៣ករណីក្នុងសប្តាហ៍ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែធ្នូ ដែលបង្ហាញពីការកើនឡើង ៧៥% បើធៀបនឹងសប្តាហ៍មុន។ ការកត់ត្រាកម្រិតខ្ពស់ពីមុន គឺការឆ្លងចំនួន ២៨.៤១០ករណីក្នុងសប្តាហ៍ដល់ថ្ងៃទី២៦ ខែមីនា។

មេរោគកូវីដថ្មី វ៉ារ្យ៉ង់ JN.1 ដែលត្រូវបានចាត់ថ្នាក់ថាជា «វ៉ារ៉្យង់ដែលមានការចាប់អារម្មណ៍ខ្លាំង» ដោយអង្គការសុខភាពពិភពលោក (WHO) ដែលវាត្រូវបានរកឃើញថាជាប្រភេទវ៉ារ៉្យង់ភាគច្រើននៃករណីឆ្លងចុងក្រោយបង្អស់ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសឥណ្ឌូណេស៊ី។

បន្ថែមពីលើការចាក់វ៉ាក់សាំង និងការចាក់ដូសជំរុញ «កិច្ចការពារបឋម» របស់ប្រទេសនេះប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលក៏បានជំរុញឱ្យសាធារណជនពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន បើទោះបីជាពួកគេមិនឈឺក៏ដោយ ជាពិសេសនៅក្នុងអាកាសយានដ្ឋាន និងកន្លែងបិទជិតផ្សេងៗទៀត។

រដ្ឋមន្ត្រីនោះបាននិយាយបន្តថា ចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែជាសូចនាករសំខាន់មួយដែលត្រូវសង្កេត។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃរបស់អ្នកជំងឺកូវីដ-១៩ ជាមធ្យមបានកើនឡើងពី ២២៥ករណីដល់៣៥០ករណី។

ប្រទេសសិង្ហបុរីបានចាកចេញពីដំណាក់កាលស្រួចស្រាវនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងខែកុម្ភៈ ហើយក្រោយមកវាត្រូវបានចាត់ទុកទៅក្នុងបទដ្ឋាននៃជំងឺឆ្លង។ ជាបន្តបន្ទាប់ ប្រជាជាតិកោះមួយនេះបានលុបចោលការពាក់ម៉ាស់ជាកាតព្វកិច្ចទៅលើការដឹកជញ្ជូនសាធារណៈ និងការថែទាំសុខភាពក្នុងផ្ទះ ក្នុងចំណោមវិធានការសហគមន៍ផ្សេងៗទៀត ដូចជាការធ្វើការពីផ្ទះ និងការកម្រិតទៅលើទំហំក្រុមប្រជាជននៃការជួបជុំផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.