បើទោះបីពេលនេះជារដូវប្រាំងនៅក្នុងប្រទេសឡាវក៏ដោយ ក៏ចំនួនករណីជំងឺគ្រុនឈាមក្នុងប្រទេសនេះនៅតែបន្តកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលឡាវ។

គិតត្រឹមថ្ងៃទី២០ ខែធ្នូ ប្រទេសនេះបានរាយការណ៍ពីករណីជំងឺគ្រុនឈាមចំនួន ៣៥.១២៨ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២០នាក់។

ទីក្រុងវៀងចន្ទន៍បានរាយការណ៍ពីចំនួនអ្នកជំងឺគ្រុនឈាមច្រើនជាងគេ ដែលមានជាង ៦.០០០ករណី បន្ទាប់មក គឺតំបន់ក្នុងភាគខាងជើងរបស់ប្រទេសឡាវ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវបានទទួលជោគជ័យក្នុងការកាត់បន្ថយការស្លាប់ដោយសារជំងឺគ្រុនឈាមដោយសារការធ្វើឱ្យប្រសើរឡើងក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីជំងឺនេះ។

ជំងឺគ្រុនឈាម គឺជាជំងឺដែលកើតមានពេញមួយឆ្នាំនៅក្នុងប្រទេសឡាវ ហើយឈានដល់កម្រិតកំពូលនៅរដូវវស្សាចាប់ពីខែឧសភាដល់ខែកញ្ញា។ កាលពីក្នុងឆ្នាំ២០១៣ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ត្រាចំនួនជំងឺគ្រុនឈាមជាង ៤៤.០០០ករណី ដោយក្នុងនោះមាន ៩៥នាក់បានស្លាប់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.