ឧបករណ៍ជំនួយប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិ ត្រូវបានតម្លើងនៅទីតាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ដើម្បីបន្លឺសញ្ញាដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែបានដឹងជាមុនពីការកើតមានគ្រោះធម្មជាតិ។

លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែត បានឱ្យដឹងថា ប្រព័ន្ធប្រកាសអាសន្ននេះ ទទួលបានជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ។ ប្រព័ន្ធប្រកាសឱ្យដឹងមុននេះ ផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និង គ្រោះថ្នាក់ដទៃទៀតទាក់ទងគ្រោះធម្មជាតិ។

លោកចៅសង្កាត់ បានបន្តថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ មានឧបករណ៍បំពងសំឡេង(ម៉េក្រូ)ដោយស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។

សារប្រកាសឱ្យដឹងមុននេះ អាចផ្សាយសារទៅកាន់ប្រជាជន ក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ៥០០ម៉ែត្រការ៉េ នៃទីតាំងដែលបានតម្លើង។ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្រុងបាត់ដំបង ត្រូវបានបំពាក់ឧបករណ៍ប្រកាសអាសន្នពីគ្រោះធមជាតិនេះ ចំនួន៣ទីតាំង។

ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ គឺជាយន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជាទឹកជំនន់ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះមានសារសំខាន់ណាស់ អាចផ្តល់ដំណឹងដល់ពលរដ្ឋយល់ដឹងនឹងត្រៀមខ្លួនជាមុនឆ្លើយតបការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.