បន្ទាប់ពីបានគង់ប្រថាប់ បំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ នៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ តាមព្រះទីនាំយន្តហោះពិសេស។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះករុណា ព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្ដេចយាងទៅកាន់ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលតាមគម្រោងក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គនឹងយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបឯកឧត្ដមធ្វើការនៅទីក្រុងហ្វូចូវ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.