បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួចមក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប បងប្អូនកម្មករនិយោជិត រួមទាំងបងប្អូនជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ១ ៣៦៤ ៥៤១នាក់ ស្មើនឹង ៤ ៥៥៥លើក ទទួលបានការផ្សព្វផ្សាយតាមរយៈយុទ្ធនាការខាងលើនេះ។

គិតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃបិទបញ្ចប់នូវយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៩២ ៤១៧នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៨ ០៧៧នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤ ៣៤០នាក់។

តាមរយៈការស្ម័គ្រចិត្តមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. របស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ពួកគាត់ទាំងអស់ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្រុមការងារបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយក្នុងយុទ្ធនាការអស់រយៈពេល ៣០ថ្ងៃកន្លងទៅនេះ។

គួរបញ្ជាក់ឱ្យដឹងថា បើទោះបីជាយុទ្ធនាការផ្សព្វផ្សាយ ត្រូវបានបញ្ចប់យ៉ាងណាក៏ដោយ តែ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទាំងការចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.