រដ្ឋាភិបាលចិនកំពុងបង្កើនការជួយសង្គ្រោះគ្រោះមហន្តរាយដល់ខេត្តហ្គានស៊ូ នៅភាគពាយ័ព្យប្រទេសចិន និងខេត្តគីងហៃ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រមួយបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដោយបានសម្លាប់មនុស្សជាង ១០០នាក់។

ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន កាលពីថ្ងៃអង្គារបានបែងចែកមូលនិធិចំនួន ២០០លានយ័ន (ប្រហែល ២៨,១៨លានដុល្លារអាម៉េរិក) ដល់ខេត្តទាំងនោះ។ ក្នុងចំណោមចំនួនសរុបនោះ ថវិកាចំនួន ១៥០លានយ័ននឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ខេត្តហ្គានស៊ូ ខណៈដែល ៥០លានយ័ននឹងយកទៅជួយដល់ខេត្តគីងហៃ។

ទំនិញសង្គ្រោះទី២ ដែលរួមមានតង់ចំនួន២.៥០០ អាវកប្បាសចំនួន២០.០០០ និងគ្រែចំនួន៥.០០០ ត្រូវបានបញ្ជូនទៅខេត្តហ្គានស៊ូ ហើយខេត្តគីងហៃ ក៏ទទួលបានតង់ចំនួន១.៥០០ អាវកប្បាសចំនួន៥.០០០ និងគ្រែចំនួន៥.០០០ ផងដែរ ក្នុងចំណោមសម្ភារៈសង្គ្រោះផ្សេងៗទៀត។ គិតត្រឹមព្រឹកកាលពីថ្ងៃអង្គារ សម្ភារៈសង្គ្រោះសរុបចំនួន១១១.៥០០ ត្រូវបានបែងចែកទៅឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា នៅក្នុងខេត្តហ្គានស៊ូតែមួយ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងដល់ ១០៥នាក់។ ការរញ្ជួយដីក៏បានបណ្តាលឱ្យមនុស្ស ១៣នាក់បានស្លាប់នៅក្នុងខេត្តគីងហៃដែលនៅជិតគ្នានោះផងដែរ។

យោងតាមក្រសួងដឹកជញ្ជូនបានឱ្យដឹងថា បណ្តាញផ្លូវជុំវិញភាគកណ្តាលកំពុងដំណើរការជាធម្មតា។ នៅក្នុងផ្នែកដែលមានការបាក់ស្រុតផ្លូវ និងការខូចខាតរចនាសម្ព័ន្ធស្ពាន ចរាចរណ៍ត្រូវបានស្ដារឡើងវិញ បន្ទាប់ពីការងារជួសជុលដំបូង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.