រាជបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលបានជំរុញ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់ការដំឡើងពន្ធលើថ្នាំជក់ឱ្យបានខ្ពស់ថែមទៀតដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ឱ្យមកនូវកម្រិតទាប និងបង្កើនចំណូលពន្ធចូលថវិកាជាតិ។

ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សាតុ មូលស្តីពី វិធានការពន្ធលើថ្នាំជក់នៅព្រឹកថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ដិត្យសភាកម្ពុជាមានប្រសាសន៍ថា ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយចំណេះដឹងអំពីហានិភ័យពីការប្រើប្រាស់ផលិតផលថ្នាំជក់ដល់យុវជនឱ្យបានទូលំទូលាយ។ ជាមួយនឹងការដំឡើងពន្ធលើថ្នាំជក់ជាដើម។

សំឡេង៖ « ពន្ធបារីកាន់តែខ្ពស់មានចំណូលដល់រដ្ឋាភិបាល ហើយវាមានចំណូលដល់សុខភាពសាធារណៈ ហើយធ្វើឱ្យអ្នកខ្វះទុនមិនអាចជក់បាន»។

ឯកឧត្តមបណ្ឌិតគី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបមានប្រសាសន៍ថា បរិយាកាសនៃការប្រើប្រាស់ថ្នាំជក់ បានផ្លាស់ចេញពីការទទួលទានបារី មកការទទួលទាននូវបារីអេឡិចត្រូនិកសម្រាប់យុវជន ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងរារាំងដល់ការរីកចម្រើន នៃអាយុសង្ឃឹមរស់ ឬរបស់ប្រជាពលរដ្ឋ។ ការចំណាយលើសេវាសុខភាពប្រជាពលរដ្ឋ នឹងអាចក្លាយជាបន្ទុកធំ ក្នុងការចំណាយរបស់រាជរដ្ឋាភិបាល ប្រសិនបើប្រជាពលរដ្ឋរងជំងឺ ដោយសារតែការជក់បារី ។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា “ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាល មកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រទេសកម្ពុជាស្ថិតក្នុង ចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផល ថ្នាំជក់ធៀបតម្លៃលក់រាយ នៅកម្ពុជា មានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០%ទៅ៦០% ។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការដំឡើងពន្ធនេះ មិនមានប៉ះពាល់ដល់ការងារប្រជាពលរដ្ឋ អាចកាត់បន្ថយភាពក្រីក្រ កែលម្អសុខភាពសាធារណៈ ការពារយុវជនពីការចាប់ផ្តើមជក់បារីជាដើម។ ម៉្យាងវិញទៀតកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស អាករបំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែមពន្ធនាំ ចូល និង ពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះការងារដំឡើងពន្ធលើថ្នាំជក់នេះ ចាប់តាំងពីឆ្នាំ១៩៨៥រហូតដល់បច្ចុប្បន្ននេះ មានការកើនឡើងដល់៣៣ភាគរយហើយ។ ហើយនៅឆ្នាំ២០២៥រាជរដ្ឋាភិបាលក៏នឹងប្តូរប្រព័ន្ធនៃការប្រមូលពន្ធថ្នាំជក់ពីការគិតតាមថ្លៃលក់ទៅជាប្រព័ន្ធម៉ិចវិញ។ ប៉ុន្តែយើងត្រូវធ្វើជាដំណាក់កាល និងប្រុងប្រយ័ត្នបំផុត បើមិនដូច្នោះទេ អាចធ្វើឱ្យបាត់ចំណូលរដ្ឋវិញ និងបង្កើតឱ្យមានការរត់ពន្ធបារីខុសច្បាប់ជាដើម។

គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យកម្ពុជាខាតបង់ទឹកប្រាក់៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះ ពីការសម្រាកជក់បារី និង អវត្តមានពីការងារជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.