ប្រធានបទ៖ «កត្តាជម្រុញ និងអភិក្រមនៃយុទ្ធសាស្រ្តសហភាអឺរ៉ុបស្ដីពីកិច្ចសហប្រតិបត្តិការក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក»

វាគ្មិន៖ លោក ទន់ លីណាសុផាឬទ្ធិ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធិសាស្រ្ត​ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកសម្របសម្រួល៖ កញ្ញា សោយ សុជាតា

សំណួរទី ១៖  ជាបឋម តើលោកអាចជួយរៀបរាប់បន្តិចបានទេអំពីសារបាននៃការលេចឡើងនូវយុទ្ធសាស្រ្តសហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាមានកត្តាអ្វីខ្លះដែលជម្រុញឱ្យសហភាពអឺរ៉ុបចូលរួមក្នុងសមរភូមិមួយនេះ?

យុទ្ធសាស្ត្រសហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក អាចនិយាយបានថា ជាផែនការគ្រប់ជ្រុងជ្រោយមួយ ដែលសហភាពអឺរ៉ុបបានដាក់ចេញ ដើម្បីចង់បង្ហាញពីចក្ខុវិស័យ និងអាទិភាពរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ា-ស៊ីហ្វិក។ ហើយវាដូចទៅនឹងយុទ្ធសាស្រ្តរបស់ប្រទេសផ្សេងៗទៀតផងដែរ យុទ្ធសាស្ត្រនេះមានគោលបំណងចម្បងធំមួយគឺ ដើម្បីពង្រីកតួនាទី និងវត្តមាននៃការចូលរួមរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់តាមរយៈការលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ខ្ញុំសូមបកក្រោយបន្តិច ដោយមើលទៅលើទិដ្ឋភាពជារួម ពាក់ព័ន្ធទៅនឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងដឹងហើយ មិនថាទាំងមជ្ឍភាពនៃការស្រូបទាញសេដ្ឋកិច្ច និងនយោបាយរបស់ពិភពលោក បាននឹងកំពុងតែផ្លាស់ប្ដូរទិសដៅទៅកាន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ថែមពីលើនេះផងដែរ អ្វីដែលគួរឱ្យកត់សម្គាល់ផងនោះគឺ ការកើនឡើងនៃតួនាទីដ៏លេចធ្លោរបស់ប្រទេសចិននៅក្នុងតំបន់ ដែលយើងអាចរាប់ចាប់ពីផ្នែកពាណិជ្ជកម្មរហូតដល់បច្ចេកវិទ្យានិងអំណាចយោធាផងដែរ ដែលនេះវាអាចឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះនៃឥទ្ធិពលរបស់ស.រ.អា.ជានិច្ចជាកាលគួរឱ្យកត់សម្គាល់។ ការណ៍នេះហើយ ដែលវាបង្កជាក្ដីព្រួយបារម្មណ៍ និងបញ្ហាប្រឈមថ្មីមួយសម្រាប់អឺរ៉ុបទាំងមូល ដែលមានទំនាក់ទំនងល្អទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយចំពោះតំបន់អាស៊ី។ ខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះបន្តិចដែរ ថាទស្សនៈទាននៃ ឥណ្ឌូ-ប៉ាស៊ីហ្វិក បានលេចចេញជារូបរាងជាលើកតំបូង នៅក្នុងគំនិតផ្ដួចផ្ដើមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ដែលឱ្យឈ្មោះថា យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP) និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ផងដែរ សម្រាប់ជាមធ្យោបាយមួយដើម្បីបំពេញតម្រូវការរបស់ពួកគេជាពិសេសនោះគឺការទប់ទល់ទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។ យ៉ាងណាមិញ បើតាមខ្ញុំចាំមិនខុសទេក្នុងអំឡុងចន្លោះឆ្នាំ២០២០ បើទោះបីជាមានការលេចឡើងច្រើនពាក់ព័ន្ធទៅនឹងគោលគំនិតឥណ្ឌូ-ប៉ាស៊ីហ្វិក សហភាពអឺរ៉ុបហាក់ដូចជាមានការស្ទាក់ស្ទើរនៅក្នុងការចូលរួមគំនិតពាក់ព័ន្ធនឹងទស្សនៈទាននៃ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយខ្លួនបារម្មណ៍អំពីតុល្យភាពនៃទំនាក់ទំនងជាមួយស.រ.អា.និងចិន។ ម្លោះហើយបានជាគំនិតនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកមានការចាប់អារម្មណ៍តិចតួចស្ដួចស្ដើងបំផុតចំពោះប្លុកតំបន់មួយនេះ។

ក៏ប៉ុន្តែយ៉ាងណាមិញ រដ្ឋសមាជិកមួយចំនួនរបស់សហភាពអឺរ៉ុប បានចាប់ផ្ដើមជំរុញគោនយោបាយរបស់ខ្លួនទទួលយកឥណ្ឌូ-ប៉ាស៊ីហ្វិក ជាគោលគំនិតយុទ្ធសាស្រ្តនិងអាទិភាព។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ បារាំង អាល្លឺម៉ង់ ប៉ែលហ្សិក និងហូឡង់ជាដើម បានប្រកាសអំពីគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តជាតិរបស់ខ្លួនទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាកត្តាជម្រុញឱ្យសហភាពអឺរ៉ុបបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរកនូវអភិក្រមចំពោះតំបន់ដ៏លេចធ្លោមួយនេះ។  ចង់ឬមិនចង់ EU ត្រូវតែបង្កើនការចូលរួមរបស់ខ្លួនជាមួយនឹងដៃគូដទៃទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងសក្តានុពលដែលកំពុងលេចឡើងនៅក្នុងតំបន់សម្បូរទៅដោយលំហូរពាណិជ្ជកម្ម និងធនធាន ដែល EU ត្រូវបង្ខំសម្រេចធ្វើកិច្ចព្រមព្រៀងមួយស្ដីពីយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលឱ្យឈ្មោះថា «យុទ្ធសាស្រ្តសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក» កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមប្រឹក្សាគណៈកម្មការ និងតំណាងជាន់ខ្ពស់នៃ EU ហើយត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេសចំនួន ២៧ នៃរដ្ឋសមាជិក ដើម្បីជាលិខិតតូបករណ៍មួយក្នុងការអនុម័តយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកជាផ្លូវការរបស់ខ្លួន។

បន្ថែមពីលើនេះផងដែរ ខ្ញុំក៏សូមបញ្ជាក់បន្ថែមពាក់ព័ន្ធទៅនឹងកត្តាដែលជ្រុញឱ្យ EU សម្រេចចូលរួមនៅក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយ EU បានមើលឃើញពីសក្តានុពល និងការរីកចម្រើនដ៏រហ័សនៃតំបន់ទៅលើគ្រប់វិស័យ មិនថាទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយនោះទេ។ ហើយ EU ក៏បានមើលឃើញថានេះ ជាកាលានុវត្តភាពមួយសម្រាប់ខ្លួនក្នុងការពង្រឹងបន្ថែម និងធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់។ ម្យ៉ាងការរីកលូតលាស់ដ៏ឆាប់រហ័តនាពេលបច្ចុប្បន្ននៅក្នុងតំបន់នេះទៀតសោធ ក៏មានធ្វើឱ្យមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយកាន់តែខ្លាំងក្លា ម្លោះហើយការចូលរួមផ្នែកយុទ្ធសាស្រ្តរបស់ EU ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានក្លាយជាផែកការរយៈពេលវែក ដើម្បីរួមចំណែកដល់ការថែរក្សានិងពង្រឹងស្ថិរភាព សន្តិភាព វិបុលភាព និងការអភវឌ្ឍប្រកបដោយចីរភាពនៃតំបន់។

សំណួរទី ២៖ ដូចបានដឹងហើយថាគំនិតស្នូលនៃការចូលរួមរបស់ប្រទេសនីមួយៗនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏មិនមានភាពខុសគ្នាប៉ុន្មានដែរពាក់ព័ន្ធទៅនឹងការបង្កើនអានុភាព និងការមើលឃើញនូវសកត្តានុពលសម្រាប់ផលប្រយោជន៍រួម។ ត្រឡប់មកវិញចំពោះសហភាពអឺរ៉ុបវិញ តើបានកំណត់នូវអភិក្រមអ្វីចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន?

មជ្ឈភាពពិភពលោកកំពុងតែដើរឆ្ពោះទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលផ្ដល់នូវអាទិភាព​និងសកត្តានុពលសម្រាប់ប្រទេសទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ ម្លោះហើយ អ្វីដែល EU កំពុងតែអនុវត្តចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក គឺគ្រាប់តែពង្រឹងបន្ថែមនូវការចូលរួមនិងការប្ដេជ្ញាចិត្តរបស់ខ្លួនជាមួយនឹងដៃគូរនៅក្នុងតំបន់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់អន្តរជាតិផ្នែកលើច្បាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមសកលឱ្យកាន់តែប្រសើរឡើង។ មែនទែនទៅ យើងឃើញថា EU ហាក់ដូចជាមិនមានចេតនាណាមួយច្បាស់លាស់ទេ ក្នុងការចូលរួមឬធ្វើឱ្យមានភាពបន្ស៊ីគ្នាទៅនឹងយុទ្ធសាស្រ្តទប់ស្កាត់របស់ស.រ.អា.ដែលមានទិសដៅប្រឆាំងនឹងប្រទេសចិន ហើយក៏មិនមានជំហរច្បាស់លាស់ផងដែរចំពោះការប្រកួតប្រជែងមហាអំណាចរវាងចិន និងស.រ.អា.។ តែផ្ទុយមកវិញ EU បានបញ្ជាក់យ៉ាងច្បាស់លាស់ពីអភិក្រមរបស់ខ្លួនចំពោះតំបន់ឱ្យមានការជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមជាជាងការប្រឈមមុខដាក់គ្នាដែលនាំឱ្យជះផលបច្ច័យនានាដល់ការរីកចម្រើនតំបន់ទាំងមូល។

ពាក់ព័ន្ធទៅនឹងគោលបំណងចម្បងដែល EU បានដាក់ចេញចំពោះយុទ្ធសាស្រ្តនេះ គឺដូចខ្ញុំបានលើកឡើងជារឿយៗរួចមកហើយថា EU មានបំណងពង្រឹងភាពជាដៃគូជាមួយនឹងតំបន់ តាមរយៈការធ្វើយ៉ាងណាដើម្បីឱ្យភាពស៊ីជម្រៅនូវទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានា រួមទាំងដៃគូសំខាន់របស់ខ្លួនដូចជាឥណ្ឌា ជប៉ុន អូស្រ្តាលី និងបណ្ដាប្រទេសសមាជិកអាស៊ានជាដើម ដោយពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ហើយអ្វីដែលសំខាន់ចំពោះមុខសម្រាប់ EU នោះគឺការពង្រឹងនូវការស្វែងយល់អំពីគ្នាទៅវិញទៅមក។ ម្យ៉ាង EU ក៏មានគោលដៅក្នុងការពង្រឹងបន្ថែមនូវការចូលរួមចំណែកដល់សន្តិសុខ និងស្ថេរភាពតំបន់ ដោយជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាមួយនឹងដៃគូមួយចំនួន តាមរយៈសកម្មភាពដូចជាសន្តិសុខដែនសមុទ្រ ការកសាងសមត្ថភាព និងការចែករំលែកព័ត៌មានជាដើម។ ហើយធាតុផ្សំដ៏សំខាន់សម្រាប់យុទ្ធសាស្រ្ត EU នៅឥណ្ឌូ-ប៉ាស៊ីហ្វិកក៏បានផ្ដោតលើការជម្រុញដល់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម ដែលជាផ្នែកមួយជួយសម្រួលដល់ការចូលទៅកាន់ទីផ្សារតំបន់ ជម្រុញដល់ការបង្កើតថ្មី និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ជាពិសេសនោះគឺជម្រុញលើកកម្ពស់ច្បាប់ពាណិជ្ជកម្មដោយយុត្តិធម៌ និងបើកចំហរវាង EU ជាមួយនឹងតំបន់ទាំងមូល។ ម្លោះហើយ EU នៅតែបន្តជំហរ និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមក្នុងយន្តការពហុភាគីក្នុងតំបន់ ដែលជាយន្តការដ៏មានសារៈសំខាន់រួមចំណែកដល់ស្ថិរភាព និងវិបុលភាពតាមរយៈកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងការលើកកម្ពស់តម្លៃរួមនិងគោលការណ៍ជាដើម។ ហើយខ្ញុំនូវតែនិយាយដដែល ដោយតាមរយៈយុទ្ធសាស្រ្តមួយនេះ EU ផ្ដល់អាទិភាព និងផ្ដោតសំខាន់លើការចូលរួមកាន់តែស៊ីជម្រៅក្នុងតំបន់ ឥណ្ឌូ- ប៉ាស៊ីហ្វិក និងការដោះស្រាយបញ្ហាប្រឈមរួមទាំងក្នុងទិដ្ឋភាពនយោបាយនិងសេដ្ឋកិច្ច ស្របតាមគោលការណ៍ការលើកកម្ពស់សណ្ដាប់ធ្នាប់តំបន់ផ្នែងតាមច្បាប់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សំណួរទី ៣៖ តើសហភាពអឺរ៉ុបនឹងនាំយកមកនូវអ្វីខ្លះទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលស្របទៅនឹងគោលដៅយុទ្ធសាស្រ្តរបស់ខ្លួន?

ខ្ញុំគិតថាវាអាចនឹងពិបាកបន្តិចក្នុងការកំណត់ និងវាយតម្លៃឱ្យច្បាស់ទៅលើផលប្រយោជន៍ចំពោះតំបន់ទាំងមូល ក៏ដូចជាដៃគូនានានៅក្នុងតំបន់ផងដែរ ពីព្រោះដូចបាននិយាយខាងដើមនេះ ថាមកទល់នឹងពេលនេះ បើទោះបីជា EU បានប្ដេជ្ញាចិត្តក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិកយ៉ាងណាក្ដី ក៏យើងអាចឃើញថាមិនមាននូវគោលដៅ និងភាពជាក់ស្ដែងណាមួយឡើយរបស់ EU មកកាន់តំបន់ដែលស្ដែងចេញអំពីសកម្មភាពផ្ទាល់របស់ប្លុកមួយនេះ។ បន្ថែមពីលើនេះ EU ក៏នៅតែមិនទាន់អាចផ្សះផ្សាផលប្រយោជន៍ដែលមានភាពសម្បូរបែបជាមួយនឹងប្រទេសជាដៃគូនានាក្នុងតំបន់ផងដែរ ក៏ប៉ុន្តែខ្ញុំអាចលើកយកនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែងមួយចំនួនដែលអាចជួយបង្កើតជាបទដ្ឋានគ្រិះ និងជាយន្តការដើម្បីពង្រឹងបន្ថែមនូវកិច្ចសហការជាមួយនឹងតំបន់។

EU មានចក្ខុវិស័យច្បាស់លាស់មួយដែលអាចស្របទៅនឹងសមាជិកប្រទេសនានាក្នុងតំបន់ នោះគឺការចូលរួមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផ្អែកតាមគោលការណ៍យូរអង្វែងដោយកំណត់លើវិស័យអាទិភាពមួយចំនួនដែលរួមបញ្ចូលដូចជា វិបុលភាពប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ការផ្លាស់ប្ដូរបៃតង អភិបាលកិច្ចមហាសមុទ្រ អភិបាលកិច្ចនិងភាពជាដៃគូឌីជីថល ការតភ្ជាប់ សន្តិសុខនិងការពារជាតិ រួមទាំងសន្តិសុខមនុស្សជាតិផងដែរ។ ដែលវិស័យអាទិភាពទាំងអស់នេះ ក៏អាចកំណត់ចេញអំពីភាពបន្ស៊ីគ្នាជាមួយនឹងយុទ្ធសាស្រ្តរបស់រដ្ឋសមាជិករបស់ខ្លួនផងដែរ ដែលមានដូចជាបារាំង អាល្លឺម៉ង់ និងហូឡង់ជាដើម។

តាមរយៈវិស័យអាទិភាពដែលបានរៀបរាប់នេះ EU មានទិសដៅ/ផែនការដូចជា (១) ការបញ្ចប់នូវកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសមួយចំនួនក្នុងតំបន់ដូចជាម៉ាឡេស៊ី និងថៃជាដើម (២) សម្រេចនិងបន្តនូវកិច្ចចរចារជាមួយនឹងប្រទេសនានាស្ដីពីកិច្ចព្រមព្រៀងរវាងតំបន់និងតំបន់ជាមួយអាស៊ាន (៣) បង្កើតឱ្យមាននូវសម្ព័ន្ធភាពបៃតងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ (៤) ពង្រឹងអភិបាលកិច្ចមហាសមុទ្រ (៥) បង្កើតកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថល (៦) អនុវត្តភាពជាដៃគូតភ្ជាប់ជាមួយឥណ្ឌា និងជប៉ុន (៧) ពង្រឹងការដាក់ពង្រាយកងទ័ពជើងទឹកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងធានាឱ្យបាននូវសន្តិសុខដែនសមុទ្រ (៨) ពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីការស្រាវជ្រាវនិងនវានិវត្តជាមួយដៃគូ link-minded និង (៩) ពង្រឹងការគាំទ្រដល់ប្រព័ន្ធថែទាំសុខភាពនិងការត្រៀមខ្លួនរួចរាលសម្រាប់ជំងឺរាតត្បាតនានា។

គំនិតផ្ដួចផ្ដើម និងកិច្ចសហប្រតិបត្តិការដែលមានរួចស្រាប់ទាំងអស់នេះហើយ នឹងក្លាយជាសកត្ដានុពលក្នុងការនាំយកនូវកាលានុវត្តភាព និងបំពេញបន្ថែននូវកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ក្នុងតំបន់ ចំពោះការរីកលូតលាស់អភិវឌ្ឍន៍ ពង្រឹងគុណតម្លៃនិងសារៈសំខាន់របស់តំបន់ឱ្យកាន់តែខ្លាំង ក៏ដូចជាបង្កើននូវផលប្រយោជន៍ដល់ប្រទេសជាសមាជិកផងដែរ។ ក្នុងនោះយុទ្ធសាស្រ្ត EU ក៏នឹងផ្ដល់នូវផលចំណេញដល់រដ្ឋជាសមាជិករបស់ខ្លួនផងដែរ តាមរយៈការអនុវត្តនូវទិសដៅអាទិភាពរបស់ខ្លួន ដែលផ្ដល់នូវកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសនិងប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នាំមកនូវផលប្រយោជន៍ពីការពង្រីកឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដែលការណ៍នេះហើយវាផ្ដល់ផ្លូវបើកទីផ្សារថ្មីសម្រាប់សមាជិក EU ក្នុងការនាំចេញផលិតផលនិងសេវាកម្មរបស់ពួកគេចូលទៅកាន់ទីផ្សារនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ ម្យ៉ាង EU ក៏ជាតំបន់យុទ្ធសាស្រ្តមួយសំខាន់ក្នុងពិភពលោកខាងលិចផងដែរ ហើយការចូលរួមរបស់ EU ក៏នឹងផ្ដល់បន្ថែមនូវសារៈសំខាន់យុទ្ធសាស្រ្តតំបន់លើផ្នែកភូមិសាស្រ្តនយោបាយ ដែលការណ៍នេះវាអាចផ្ដល់ឱកាសដល់សមាជិក EU មានយន្តការនិងគ្រិះដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងការទូត ក៏ដូចជាទទួលបាននូវឥទ្ធិពល និងរួមចំណែកដល់ការបង្កើនសកត្ដានុពលក្នុងតំបន់ផង។

Share.

Comments are closed.