ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ(ថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣)នៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។

បើតាមព្រះរាជសារ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣ ព្រះអង្គបានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស នៅថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន »។ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្ត Fujianនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹងយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបឯកឧត្ដមធ្វើការនៅទីក្រុងហ្វូចូវ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.