ប្រភពពីស្ថាប័នសហភាពអឺរ៉ុន (EU) នៅទីក្រុងប្រ៊ុចសែល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍ (TASS) ថា EU បានចាប់ផ្តើមនីតិវិធីជាលាយលក្ខណ៍អក្សរដើម្បីអនុម័តលើកញ្ចប់ទណ្ឌកម្មទី១២ ប្រឆាំងនឹងរុស្ស៊ី ដែលរួមមានការហាមឃាត់ការផ្គត់ផ្គង់ត្បូងពេជ្ររុស្ស៊ីដល់រដ្ឋជាសមាជិករបស់សហភាពនេះ ក្នុងចំណោមការហាមឃាត់ផ្សេងៗទៀត។

អ្នកការទូតបាននិយាយថា «នីតិវិធីជាលាយលក្ខណ៍អក្សរត្រូវបានផ្តួចផ្តើមឡើង ដែលវានឹងមិនចំណាយពេលយូរនោះទេ ទណ្ឌកម្មនោះនឹងចូលជាធរមានក្នុងពេលដ៏ខ្លី នៅដើមសប្តាហ៍នេះយ៉ាងយូរ»។ ការចាប់ផ្តើមនៃនីតិវិធីអនុម័តនេះបានក្លាយជាអាចធ្វើទៅបានបន្ទាប់ពីការបម្រុងទុកនៃទណ្ឌកម្មរបស់អូទ្រីសត្រូវបានដកចេញ។

នៅពេលមុននេះ សារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ប្រទេសអូទ្រីសបានផ្តល់ការយល់ព្រមចំពោះកញ្ចប់ទណ្ឌកម្មទី១២ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានដកធនាគារ Raiffeisen Bank International ចេញពីបញ្ជីខ្មៅ។

ទីភ្នាក់ងារនេះបាននិយាយថា ប្រទេសអូទ្រីសបាននឹងកំពុងជំរុញឱ្យដកធនាគារចេញពីបញ្ជីរបស់អ៊ុយក្រែនដែលត្រូវបានគេហៅថាជា «អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.