ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ បានអញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ (កម្ពុជា) នៅសណ្ឋាគារឆ្នេរសុខា ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធប្រធានសភាពាណិជ្ជកម្មខេត្ត និងវិស័យឯកជន រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

លោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ បានស្វាគមន៍ វេទិកាផ្សព្វផ្សាយនេះប្រមូលផ្ដុំការឯកភាពគ្នា លើកិច្ចសហប្រតិបត្តិការ លើកកម្ពស់ទំនាក់ទំនងគោលនយោបាយ ហើយចំណុចពិសេស មានដូចជា ១-ឆ្នាំ២០២២ ផលិតផល នៃវិស័យសំណង់មានចំនួន ៦០០ប៊ីលានដុល្លារអាម៉េរិក ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ១៧ឆ្នាំជាប់គ្នា ។ ២-សមត្ថភាពសហគ្រាស គឺខ្លាំងគុណវឌ្ឍន៍កម្រិតពិសេសចំនួន ៩៥សហគ្រាស ជាប់ចំណាត់ថ្នាក់ខ្ពស់ នៃវិស័យសំណង់ប្រទេសចិន គម្រោងគុណវឌ្ឍន៍កម្រិតពិសេសចំនួន ៩៧គម្រោង រួមមាន៖ ការកសាងផ្ទះ, សាលារៀន, ក្រុង, ផ្លូវជាតិ, ភ្នំរ៉ែ, នាវាចរ, កំពង់ផែ, ឧស្សាហកម្មប្រេងកាត ។ល។ ៣-ឧស្សាហកម្មល្អ លើវិស័យសំណង់លំនៅឋាន រក្សាបានមូលដ្ឋានគ្រឹះប្រកបដោយឧត្តមភាព ខេត្តបានពង្រីកខ្លួនលើវិស័យផ្សេងៗទៀតដូចជា សហគ្រាសសំណង់ចំនួន១៤, សាងសង់គម្រោងផ្លូវដែក, ទីក្រុងចំនួន៣៣គម្រោង, ជំរុញការ សាងសង់អគារ, បង្គំ, និងការសាងសង់វ័យឆ្លាត ដែលជាបដិវត្តន៍នៃវិធីសាងសង់ និងការបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍវិស័យសំណង់ ។ ៤-គុណភាពសំណង់ជាចម្បង, ការសាងសង់ស្ពានឆ្លងសមុទ្រហុងកុង, ជូរហៃ, ម៉ាកាវ, និងអាកាសយានដ្ឋានអន្តរជាតិអង្គរខេត្តសៀមរាប សុទ្ធតែជាសំណង់ខ្នាតយក្ស បច្ចេកទេសសាងសង់សុទ្ធតែមានកម្រិត ឈានមុខគេទូទាំងពិភពលោក។ ៥-ទីផ្សារទូលាយ ក្នុងនឹងក្រៅប្រទេស គ្របដណ្តប់ជាង ១២០ប្រទេស និងតំបន់ទូទាំងពិភពលោក។ ៦-ការវាយតម្លៃកិត្តិនាម ជាទ័ពដែកថែបមិនខ្លាចលំបាក ហ៊ានប្រយុទ្ធ គោរពវិន័យ គោរពពាក្យសច្ច: ខ្លាំងខាងវិស័យនវានុវត្តន៍ប្រកបដោយគុណតម្លៃ ។

លោកស្រី Zhong Jie អគ្គទីប្រឹក្សាការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច ពាណិជ្ជកម្មស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា វេទិកាវិស័យសំណង់ខេត្តជាំងស៊ូ នៅកម្ពុជា ស្របនឹងឆ្នាំបង្កើតចំណងការទូតចិន-កម្ពុជា ៦៥ឆ្នាំ ហើយវិស័យសំណង់ ស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទទួលបានផលផ្លែផ្កាឥតគណនា មានដូចជា រចនាសម្ព័ន្ធខ្នាតយក្ស ផ្លូវល្បឿនលៀនភ្នំពេញ-ព្រះសីហនុ, អាកាសយាន្តដ្ឋា នអន្តរជាតិខេត្តសៀមរាប, ពហុកីឡដ្ឋានជាតិមរតតេជោ, និងមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុម: , ជាគម្រោងមានប្រយោជន៍សាធារណ: លើវិស័យសំណង់ចិន-កម្ពុជា។ ខេត្តជាំងស៊ូ គឺជាខេត្តធំលើវិស័យសេដ្ឋកិច្ច មានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ ដែលបានចាក់ឫសយ៉ាងជ្រៅ ជាមួយខេត្តព្រះ សីហនុ លើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, នយោបាយ, ច្បាប់, និងវប្បធម៌ ទទួលបានលទ្ធផលផ្លែផ្កា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៃខេត្តទាំងពីរកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ។ ភាគីទាំងពីរផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ឈ្នះឈ្នះរួមគ្នាជាកម្លាំងកាយចិត្ត, កសាងសហគមន៍រួម, ជោគវាសនាចិន-កម្ពុជា ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ (ចិន)-ខេត្តព្រះសីហនុ (កម្ពុជា)ថា វេទិកានេះគឺ ដើម្បីជាប្រយោជន៍រវាងខេត្តទាំងពីរ ហើយកាលពីខែវិច្ឆិកាកន្លងមក ខ្ញុំបានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងសិក្ខាសាលា ស្តីពីការដឹកជញ្ជូន (ចិន-កម្ពុជា)ប្រកបដោយទេពកោសល្យខ្ពស់ឆ្នាំ២០២៣ ក្រោមប្រធានបទ « បច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃអន្តរជាតិ និងនិន្នាការថ្មីក្នុងការអភិវឌ្ឍក្រុង» ទទួលបានលទ្ធផលល្អ ។ ទំនាក់ទំនងការទូតកម្ពុជា-ចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ » បន្តពង្រឹងពង្រីកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រោមម្លប់ដ៏ត្រជាក់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម គួច ចំរើន បានបន្តថា កម្ពុជា-ចិន បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើគ្រប់វិស័យ ដើម្បីប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការមិត្តភាពអន្តរជាតិខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជា មួយបណ្តាខេត្ត-ក្រុងប្រទេសចិនចំនួន ១៧ ។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលាកន្លងថ្មីៗ ក្នុងជំនួបជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ក្នុងកម្រិតខ្ពស់គ្រប់ជ្រុងជ្រោយ តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» បន្តពង្រឹងមិត្តភាពដែកថែប តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ, ព្រមទាំងកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរ រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ ។ លើសពីនេះក្នុងពិធីជប់លៀងស្វាគមន៍ពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្ដេចធិបតី បានប្រកាសស្វាគមន៍ដៃគូសំខាន់ៗក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីស្វែងរកឱកាសដ៏ច្រើន ដែលកម្ពុជាអាចផ្តល់ជូនក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងបានសង្កត់ធ្ងន់ក្នុងន័យដើមថា « យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីចាប់យកឱកាសទទួលយកបដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មី នៃការរីកចម្រើន និងវិបុលភាពតាមរយៈសេដ្ឋកិច្ចឌីជីថល » ។ រាជរដ្ឋាភិបាលអាណត្តិទី៧ ជំរុញការវិនិយោគស្តារឡើងវិញ នូវគម្រោងសាងសង់ ឬ សំណង់អគារដែលទំនេរមិនដំណើរការក្នុងក្រុងព្រះសីហនុ, ការលើកទឹកចិត្តឱ្យប្រែក្លាយមកជាគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ផ្តោតលើការអនុវត្តបន្ថែម លើការដាក់ចេញគោលនយោបាយគិតគូរ លើយន្តការលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមក្នុងកិច្ចការរៀបចំទីក្រុង, ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍទីក្រុងវៃឆ្លាត ឬទីក្រុងបៃតង ឬទីក្រុងដែលគួរឱ្យចង់រស់នៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.