យោធាកូរ៉េខាងត្បូងបានអះអាងថា យន្តហោះចម្បាំងរបស់រុស្ស៊ី និងចិន បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (KADIZ) របស់កូរ៉េខាងត្បូង។ នេះបើយោងតាមមន្ត្រីម្នាក់នៅអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS)។

យោងតាមមន្ត្រីនោះបាននិយាយថា «នៅចន្លោះម៉ោង ១១:៥៣នាទីព្រឹក ដល់ម៉ោង ១២:១០នាទីថ្ងៃ យន្តហោះចិន និងរុស្ស៊ីបានចូលទៅក្នុងតំបន់ KADIZ ពីភាគខាងជើងនៃកោះ Ulleung ភាគខាងកើត ហើយបានចាកចេញពីតំបន់នោះពីភាគខាងកើតនៃកោះ Dokdo»។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បាននិយាយថា កងកម្លាំង JCS បានរកឃើញយន្តហោះរបស់ចិន និងរុស្ស៊ី មុនពេលពួកគេចូលទៅក្នុងតំបន់ KADIZ និងបានចល័តយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីចាត់វិធានការយុទ្ធសាស្ត្រប្រឆាំងនឹងភាពអាសន្ន។

ភាគីរុស្ស៊ីបានចង្អុលបង្ហាញម្តងហើយម្តងទៀតថា «តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស» របស់កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងដោយទីក្រុងសេអ៊ូលជាឯកតោភាគី ហើយមិនបង្កើតជាកាតព្វកិច្ចផ្លូវច្បាប់ណាមួយសម្រាប់ប្រទេសផ្សេងទៀតឡើយ។ សាធារណរដ្ឋកូរ៉េទទូចឱ្យប្រទេសផ្សេងទៀតជូនដំណឹងអំពីយន្តហោះរបស់ពួកគេដែលត្រូវហោះឆ្លងកាត់ដែនអាកាសតំបន់នោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.