ខេត្តកំពតជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ ។ បើនិយាយពីសក្តានុពល ខេត្តកំពតមានតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែង ដែលមានភាពទាក់ទាញភ្ញៀវទេសចរ មិនចាញ់តំបន់ទេសចរណ៍នានា តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។

ទាក់ទងនឹងតំបន់រមណីយដ្ឋានជាច្រើនក្នុងខេត្ត លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរ ណ៍ខេត្តកំពត បានឱ្យដឹងនៅរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្នុងខេត្តកំពតមានតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញចំនួន៣៤កន្លែង ក្នុងនោះ មានរមណីយដ្ឋានចំនួន ២១កន្លែង រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ៥កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ៨កន្លែង ។ ក្នុងចំណោម៨កន្លែងនោះ រួមមាន៖ រមណីយដ្ឋានទេសចរណ៍កើនឡើងថ្មីចំនួន៤កន្លែង ដូចជា ព្រែកក្តាតអេកូរីស៊ត, ទំនប់ស្ទឹងភេ, ជ្រលងភ្នំក្រហម, និងភ្នំទទុង ព្រមទាំងមានសហគមន៍ទេសចរណ៍មាន ០៤កន្លែង ដែររួមមាន៖ សហគមន៍ទេសចរណ៍ត្រពាំងសង្កែ, សហគមន៍ទេសចរណ៍ព្រែកត្នោត(អន្លង់ធំ), សហគមន៍ទេសចរណ៍តំបន់សត្វក្រៀលបឹងអន្លង់ព្រីង, និងសហគមន៍ទេសចរណ៍កំពង់សាមគ្គី ។ ដោយឡែកចំពោះគោលដៅទាក់ទាញទេសចរ ណ៍មានចំនួន ៤កន្លែងទៀត ដូចជា តំបន់ចម្ការម្រេច, បេតិកភណ្ឌក្រុងកំពត, តំបន់ស្រែអំបិល, និងទេសភាពតាមដងព្រែកកំពង់បាយ ព្រមទាំងមានកន្លែងបោះតង់ចំនួន ៥កន្លែង ដែលមានទេសភាពស្រស់បំព្រង ប្រកបដោយសុវត្ថិភាព ។

លោក ប្រធានមន្ទីរទេសចរ ណ៍ខេត្តកំពត បានបញ្ជាក់ទៀតថា រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកំពត មាន២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ, ណាតាយ៉ា, កែបថ្មី, ឋានសួគ៌បូកគោ, ភ្នំដូង, ភ្នំកំពង់ត្រាច, កោះតាដា, ប្រាសាទភ្នំខ្យង, ប្រាសាទភ្នំឈ្ងោក, ទំនប់ម្លេច, ទំនប់ប្រទាក់ក្រឡា, កោះសេះ, ស្រះឈូក, អន្លង់ក្មេងលេង, វត្តត្រើយកោះ, ភ្នំនាងសេដាឱន, កសិទេសចរណ៍ចម្ការម្រេច, ភ្នំទទុង, ស្ទឹងភេ, ជ្រលងភ្នំក្រហម, និងព្រែកក្តាតអេកូរីស៊ត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.