សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ តាមបណ្តាញសង្គមហ្វេសប៊ុកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន និងបានបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិរក្សរមណីយដ្ឋានប្រាសាទអង្គរដ៏អស្ចារ្យនេះ។

ការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចំថ្ងៃខួបលើក៣១ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចបានបន្តថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣)។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេស គឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារ ឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ ក្រៅពីប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទកោះកេរ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.