យោងតាមក្រសួងបរិស្ថានរបស់ប្រទេសចិន បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងការបំពុលបរិយាកាសរបស់ប្រទេសចិន មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។

លោក លីវ ប៊ីងជាំង ប្រធានវិស្វករនៃក្រសួងបរិស្ថាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការកែលម្អគុណភាពខ្យល់របស់ប្រទេសចិនកំពុងដំណើរការក្នុងអត្រាលឿនបំផុតនៅទូទាំងពិភពលោក ខណៈដែលបញ្ហានៃការបំពុលធ្យូងថ្មត្រូវបានដោះស្រាយជាមូលដ្ឋាននៅទូទាំងប្រទេស។

លោក លីវ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនផ្តោតសំខាន់ទៅលើការគ្រប់គ្រងការបំពុលបរិយាកាស បានជំរុញការវិនិយោគសរុបប្រហែល ៤ទ្រីលានយ័ន (ប្រហែល ៥៦២,០៩ប៊ីលានដុល្លារអាម៉េរិក) នៅទូទាំងប្រទេស ដោយលោកបាននិយាយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះក៏បានជំរុញផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនឱ្យកើនឡើងប្រហែល ៥ទ្រីលានយ័នផងដែរ។

លោក លីវ បាននិយាយថា ដំណើរការនៃការកែលម្អគុណភាពខ្យល់ បានមើលឃើញពីការអនុវត្តយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យា និងផលិតផលថ្មីៗដែលត្រូវបានបង្កើតឡើងដោយប្រទេសចិន ដែលបានជំរុញដល់ការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធមួយចំនួន រួមទាំងការផលិតឧបករណ៍ការពារបរិស្ថាន និងរថយន្តថាមពលថ្មីជាដើម។

ទន្ទឹមនឹងនេះដែរ ការងារនៅទីក្រុងថ្មីសរុបជាង ៣លានការងារ ត្រូវបានបង្កើតឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនលើការកែលម្អគុណភាពខ្យល់នេះផងដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.